(ភ្នំពេញ)៖ ក្រុមខ្លាំងព្រះខ័នរាជស្វាយរៀង និងភ្នំពេញក្រោន បានបន្ថែម ៣ពិន្ទុពេញរៀងៗខ្លួន បន្ទាប់ពីយកឈ្នះគូប្រកួតក្នុងសប្ដាហ៍ទី៤ នៃលីគកំពូលកម្ពុជា ឆ្នាំ២០២១ គ្រាដែលអាស៊ីអឺរ៉ុប ស្គាល់ជ័យជម្នះលើកដំបូង ក្រោយឆ្លងកាត់ ៣ប្រកួតកន្លងមក។

សម្រាប់ក្រុមជើងឯករងឆ្នាំចាស់ ស្វាយរៀង បានយកឈ្នះក្រុមខ្លាំងណាហ្គាវើលដ៏ ៣-១ លើទឹកដីខ្លួន កាលពីយប់មិញ។ ជំនួបដ៏កក្រើកនេះ ណាហ្គាបានបើកការនាំមុខ ១គ្រាប់មុនពីការតែតរបស់កីឡាករ ឡេង មករា នៅនាទីទី២០។ បន្ទាប់មកព្រះខ័នរាជស្វាយរៀង បានព្យាយាមវាយបករហូតរកបាន ៣គ្រាប់វិញ ដែលធ្វើបានសម្រេចដោយកីឡាករ Mika ២គ្រាប់នៅនាទី២៥ និងនាទី៤៣ និងមិត្តរួមក្រុម Lopez Mendy ១គ្រាប់ នៅនាទី៩០ ដែលជួយឲ្យក្រុមទទួលបានជ័យជម្នះតែម្ដង។

ដោយឡែកក្រុមភ្នំពេញក្រោនបានយកឈ្នះក្រុមម្ចាស់ផ្ទះគិរីវង់ ២-១ នៅកីឡដ្ឋានគិរីវង់ ខេត្តតាកែវ។ ការប្រកួតនេះក្រុមភ្ញៀវសិង្ហក្រហម រកបានគ្រាប់បាល់នាំមុខ ១គ្រាប់មុន នៅនាទី៣៦ ដែលតែតបញ្ចូលទីដោយខ្សែការពារ កុក បូរីស។ បន្ទាប់មកក្រុមទាំងពីរ បានបង្កើនការវាយសម្រុកគ្នាកាន់តែខ្លាំងរហូតដល់នាទី៨០ ទើបខ្សែប្រយុទ្ធចំណូលថ្មី Valeriy Hryshyn បន្ថែមគ្រាប់ទី២ ឲ្យក្រុមភ្នំពេញក្រោន តែមុនអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត គិរីវង់ក៏វាយបកបាន ១គ្រាប់វិញដែរ ដោយកីឡាករ David Julien នៅនាទី៨៩។

តាមរយៈជ័យជម្នះរបស់ក្រុមខ្លាំងៗទាំងពីរខាងលើ បានធ្វើឲ្យក្រោន និងព្រះខ័នរាជស្វាយរៀង រកបាន ៦ពិន្ទុស្មើគ្នា ក្រោយឆ្លងកាត់ ២ប្រកួតឈ្នះទាំងអស់ ដើម្បីឈរលេខរៀងទី១ និងទី២ ក្នុងតារាងពិន្ទុបណ្ដោះអាសន្ន។

ចំណែកក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមភ្ញៀវនគរបាលជាតិ ៣-២ នៅកីឡដ្ឋាន AEU Sport Park។ ៣គ្រាប់ ដែលជួយឲ្យក្រុមលោក សុក វាសនា ទទួលបាន ៣ពិន្ទុដំបូង ដែលធ្វើបានសម្រេចដោយកីឡាករជប៉ុន Kuriyama Yuya នៅនាទីទី៥ ខណៈ ២គ្រាប់ទៀត រកបានដោយកីឡាករ Abee Ndjoo Hurbert នៅនាទី២០ និងនាទី៥១។ រីឯ ២គ្រាប់របស់នគរបាលជាតិ រកបានដោយកីឡាករ Booysen Shane ១គ្រាប់ និង ១គ្រាប់ទៀត គឺជាការទាត់ភ្លាត់ស្នៀតចូលទីខ្លួនឯងរបស់ខ្សែការពារអាស៊ីអឺរ៉ុប។

នេះគឺជាជ័យជម្នះលើកដំបូងរបស់ក្រុមអាស៊ីអឺរ៉ុប បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ឈ្នះ១ និងចាញ់២ រកបាន ៣ពិន្ទុឈរលេខរៀងទី៧ ជាបណ្ដោះអាសន្ន។ រីឯក្រុមនគរបាលជាតិ មិនទាន់មានពិន្ទុរាប់នោះទេ បន្ទាប់ពីបរាជ័យ ២ប្រកួតផ្ទួនៗ ខណៈប្រកួតដំបូង ពួកគេបានប្រកួតចាញ់ក្រុមអគ្គិសនីកម្ពុជាដោយលទ្ធផល ៣-២៕