(កូរ៉េ)៖ បន្ទាប់ពីបើកទំព័រក្នុងយុគសម័យថ្មីរបស់ខ្លួន ជាមួយឈ្មោះថ្មីគឺ «HYBE» និងបានផ្លាស់ទៅកាន់ការិយាល័យកណ្តាលថ្មី នៅតំបន់ពាណិជ្ជកម្ម Yongsan កាលពីពេលថ្មីៗនេះ ផលិតកម្ម Bit Hit ត្រូវបានគេរាយការណ៍មកថា នឹងបើកដំណើរការសារមន្ទីរបស់ក្រុមចម្រៀង BTS ក្នុងពេលឆាប់ៗខាងមុខ ដើម្បីឲ្យសាធារណៈជនចូលទស្សនា និងបង្កើនភាពស្និទ្ធស្នាលជាមួយក្រុម BTS។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Koreaboo នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
សារមន្ទីរបស់ក្រុមចម្រៀងបុរសដ៏ល្បីមួយនេះ ត្រូវបានគេរំពឹងថា នឹងក្លាយជាកន្លែងដ៏អស្ចារ្យមួយ សម្រាប់អ្នកគាំទ្រទូទាំងពិភពលោក ក្នុងការបង្កើតក្តីស្រម៉ៃទៅទស្សនាដោយផ្ទាល់ ព្រោះវាត្បង្កើតឡើង នូវការដាក់តាំងបង្ហាញសមិទ្ធផលប្រវត្តិសាស្ត្រជាច្រើនរបស់ក្រុមនេះ ដូចជាពានរង្វាន់ជាដើម ចាប់តាំងពីក្រុមនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។
នៅមិនទាន់មានការបញ្ជាក់ពីការបរិច្ឆេទពេលវេលាច្បាស់លាស់ នៃការបើកដំណើរការសារមន្ទីរនេះនៅឡើយទេ ប៉ុន្តែមានការរំពឹងថា វាអាចនឹងបើកនៅក្នុងឆមាសទី១ នៃឆ្នាំ២០២១នេះ។
គួរជម្រាបថា សារមន្ទីរនេះនឹងបើកឲ្យសាធារណៈជនគ្រប់ទិសទីអាចចូលទស្សនាបាន ប៉ុន្តែមិនបើកដោយសេរីឡើយ ពោលគឺនឹងអាចមានការទិញសំបុត្រ ឬកក់សំបុត្រជាមុន៕