(ក្រុងឡុងដ៍)៖ ១ប្រកួតក្នុងចំណោមការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ FA Cup ក្នុងឆ្នាំនេះដែលធ្វើឡើងនៅកីឡដ្ឋាន Wembley របស់ចក្រភពអង់គ្លេស ក្នុងខែមេសាខាងមុខ នឹងត្រូវប្រើប្រាស់ជាព្រឹត្តិការណ៍សាកល្បងសម្រាប់សុវត្ថិភាពនៃការវិលត្រឡប់មកវិញរបស់អ្នកគាំទ្រ។ បើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ប្រភពមួយពី FA បានប្រាប់ Reuters ថា ការប្រកួត ១ក្នុងចំណោម ២ប្រកួតនឹងមានអ្នកចូលរួមទស្សនាប្រមាណ ៤,០០០នាក់ជាមួយនឹងក្រុមមនុស្ស ដែលនឹងត្រូវចូលរួម គឺប្រជាពលរដ្ឋក្នុងតំបន់ អ្នកថែទាំ និងកម្មករគាំទ្រ។

ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រទាំងពីរ នឹងធ្វើឡើងនៅកីឡដ្ឋាន Wembley តែមួយគត់ជាមួយនឹងក្រុម Chelsea ត្រូវប៉ះ Manchester City នាថ្ងៃទី១៧ ខែមេសា និងក្រុម Leicester City ត្រូវប៉ះ Southampton ១ថ្ងៃបន្ទាប់។

អង់គ្លេស កំពុងបន្ធូរបន្ថយជាបណ្តើរៗនូវការរឹតបន្តឹងការបិទប្រទេស ដើម្បីការពារការឆ្លងមេរោគ COVID-19 នាថ្ងៃទី១៧ ខែឧសភា ជាថ្ងៃកំណត់ដែលទីលាននៅខាងក្រៅដែលធំបំផុតអាចអនុញ្ញាតឲ្យមានមនុស្សរហូតដល់ ១០,០០០នាក់ ឬក៏ ១ភាគ៤ នៃសមត្ថភាពផ្ទុក៕