(តូក្យូ)៖ អត្តពលិកអន្តរជាតិជាច្រើន អាចត្រូវបានអញ្ជើញឲ្យចូលរួមក្នុងព្រឹត្តិការណ៍សាកល្បង មុនពេលព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 ធ្វើឡើងនៅរដូវក្តៅនេះ។ នេះបើតាមការបញ្ជាក់ពីអ្នករៀបចំកម្មវិធី ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។

ព្រឹត្តិការណ៍សាកល្បងនេះ នឹងធ្វើឡើងដើម្បីហាត់សមពីរបៀបនៃការការពារការរីករាលដាលនៃមេរោគ COVID-19 ស្របពេលគណៈកម្មការរៀបចំព្រឹត្តិការណ៍អន្តរជាតិនេះ ចំពេលដែលមានការរីករាលដាលជំងឺជាសាកលនេះ។

លោក Yasuo Mori មន្រ្តីនៃព្រឹត្តិការណ៍ Tokyo 2020 បានថ្លែងថា «នៅពេលនេះ យើងកំពុងកំណត់ថាតើអត្តពលិកប៉ុន្មាននាក់ ដែលអាចចូលរួមក្នុងព្រឹត្តិការណ៍សាកល្បងនេះបាន។ យើងនឹងសម្របសម្រួលជាមួយរដ្ឋាភិបាល ហើយនឹងបញ្ជាក់ពីចំនួនពិតបា្រកដ»

Tokyo 2020 គ្រោងនឹងសាកល្បងការប្រកួតចំនួន១៨ មុនពេលព្រឹត្តិការណ៍ផ្លូវការចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ ព្រឹត្តិការណ៍សាកល្បង សម្រាប់កីឡាជិះបន្ទះក្តារអិល និងបាញ់កាំភ្លើងត្រូវបានលើកពេលពីខែមេសា ទៅធ្វើនៅខែឧសភាវិញ ដោយសារផលប៉ះពាល់ពីការរីករាលដាលនៃមេរោគ លើការកំណត់ពេលវេលា៕