(តូក្យូ)៖ រដ្ឋាភិបាលជប៉ុនបានសម្រេចបញ្ឈប់ជាបណ្ដោះអាសន្ន នូវការប្រើប្រាស់កម្មវិធីផ្ញើសារដ៏មានប្រជាប្រិយភាព Line ជាកម្មសិទ្ធិ របស់ ក្រុមហ៊ុន Z Holdings ដែលមានខ្នងបង្អែកយក្ស SoftBank Corp បន្ទាប់ពីបែកធ្លាយនូវព័ត៌មានរសើបទាក់ទងនឹងទិន្នន័យផ្ទាល់ខ្លួន របស់ អ្នកប្រើប្រាស់។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Japan Today នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Katsunobu Kato ប្រធានលេខាធិការខុទ្ទកាល័យ របស់ជប៉ុនបានថ្លែងឱ្យដឹងថា រដ្ឋាភិបាលជប៉ុនបានសម្រេចចិត្តបញ្ឈប់ការប្រើប្រាស់កម្មវិធី Line ជាបណ្ដោះអាសន្ននេះគឺដើម្បីស៊ើបអង្កេត និងដើម្បី សុវត្ថិភាពរបស់អ្នកប្រើប្រាស់។

«នៅពេលនេះ រដ្ឋាភិបាលនឹងបញ្ឈប់ ការប្រើប្រាស់ Line ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយនូវព័ត៌មានរសើបដែលបានលេចចេញមក ហើយ នឹងរៀបចំក្រុមការងារពិសេសមួយឱ្យបានឆាប់រហ័ស ក្នុងគោលការណ៍ ស៊ើបអង្កេតទៅលើ ករណីខាងលើនេះ»។ នេះជាសំដីរបស់លោក Katsunobu Kato។

លោកបានបន្ថែមទៀតថា ការសម្រេចចិត្តនេះធ្វើឡើង បន្ទាប់ពីមានសេចក្ដីរាយការណ៍តាមរយៈប្រភពផ្សព្វផ្សាយក្នុងស្រុកកាលពីថ្មីៗនេះថា វិស្វករ ចំនួន៤នាក់ ដែលជាជនជាតិ និងបម្រើការងារឱ្យក្រុមហ៊ុនចិនមួយ ត្រូវបាន អនុញ្ញាតឱ្យចូលទៅប្រើប្រាស់ម៉ាស៊ីនមេរបស់កម្មវិធី Line ដែលជាកន្លែងផ្ទុកនូវទិន្នន័យរបស់អ្នកប្រើប្រាស់ទាំងមូល ដែលសកម្មភាពនេះត្រូវបានធ្វើឡើងចាប់តាំងពីឆ្នាំ២០១៨ ខណៈដែល ទិន្នន័យ អ្នក ប្រើប្រាស់នោះមាន ឈ្មោះ លេខទូរស័ព្ទ អាសយដ្ឋានអ៊ីម៉េល ជាដើម។

អ្នកនាំពាក្យរបស់ Line បានបញ្ជាក់ថា អ្នកប្រើប្រាស់ប្រមាណ ១៨៦លាននាក់នៅជុំវិញពិភពលោក ត្រូវបានរក្សាការពារ មិនមានការចូល ទៅ ប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនទាំងនោះពីសំណាក់ វិស្វករ ឬក្រុមហ៊ុនចិនឡើយ៕