(ប៉ារីស)៖ អ្នកស្រី Stephanie Frappart នៅថ្ងៃសៅរ៍សប្តាហ៍មុន បានក្លាយជាមន្ត្រីអាជ្ញាកណ្តាលស្ត្រីដំបូងគេដែលបានទទួលបន្ទុក នៅក្នុងការប្រកួតវគ្គជម្រុះ FIFA World Cup 2022 ផ្នែកបុរស នៅអំឡុងពេលនៃការប្រកួតដែលជម្រើសជាតិហូឡង់ បានយកឈ្នះ ២-០ លើក្រុមជម្រើសជាតិឡាតវិញ (Latvia) នៅទីក្រុង Amsterdam។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
កាលពីដើមខែធ្នូកន្លងទៅ អ្នកស្រី Frappart ជនជាតិបារាំងរូបនេះ បានក្លាយជាមន្ត្រីស្ត្រីដំបូងគេដែលបានទទួលបន្ទុកក្នុងការប្រកួត Champions League ផ្នែកបុរស នៅពេល Juventus យកឈ្នះក្លិប Dynamo Kyiv របស់អ៊ុយក្រែន ក្នុងលទ្ធផល ៣-០ នាទីក្រុង Turin របស់អ៉ីតាលីទៀតផង។
លើសពីនេះទៀតអ្នកស្រីក៏បានធ្វើជាមន្ត្រីអាជ្ញាកណ្តាលឲ្យការប្រកួតលីគ UEFA Super Cup រវាង Liverpool ទល់នឹង Chelsea ក្នុងឆ្នាំ២០១៩ និងការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup ផ្នែកស្ត្រីរវាងសហរដ្ឋអាមេរិក និងហូឡង់ ក្នុងឆ្នាំដដែលនោះផងដែរ៕