(មេនឆេស្ទើ)៖ តារាជើងស៊ុត Sergio Aguero និងក្លិបមេឃខៀវ Manchester City បានប្រកាសចែកផ្លូវគ្នាហើយនៅបំណាច់រដូវកាលនេះ ដ្បិតខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីនរូបនេះចំណាយលេងពេល ១០ឆ្នាំលេងនៅកីឡដ្ឋាន Etihad។
ភាគីទាំងពុំបានបន្តកិច្ចសន្យាថ្មីលើកិច្ចសន្យាចាស់ដែលនឹងផុតកំណត់នៅចុងបញ្ចប់រដូវកាលឆ្នាំ២០២០-២០២១ នេះឡើយ នេះមានន័យថា កីឡាករវ័យ ៣២ឆ្នាំ Aguero នឹងដើរចេញពី Man City ដែលគេបានរួមរស់កាលឆ្នាំ២០១១ មកបានហើយ ក្រោយផ្ទេរចេញពីក្លិបអេស្ប៉ាញ Atletico Madrid។
គិតមកទល់បច្ចុប្បន្ន Sergio Aguero បានកំពុងកាន់កំណត់ត្រាស៊ុតបាន ២៥៧គ្រាប់ច្រើនជាងគេ ពីការចូលលេងបាន ៣៨៤ប្រកួត។ អ្វីដែលអស្ចារ្យផងនោះ គឺរូបគេបានស៊ុតគ្រាប់ចុងម៉ោងឈ្នះក្រុម QPR ដើម្បីលើកពាន Premier League ជាលើកដំបូងក្នុងប្រវត្តិសាស្រ្តកាលឆ្នាំ២០១២ ផងដែរ ក្រោយរង់ចាំអស់រយៈពេល ៤៤ឆ្នាំ។
ក្រោយមកទៀត Aguero ក៏បានជួយ Man City ឈ្នះជើងឯកលីគកំពូលបាន ៣សម័យកាលផ្សេងទៀតដែរ ក្រៅពីពាន FA Cup ១ដង និងពាន League Cup ៥ដង។ Aguero ពុំទាន់មានក្លិបណាទាក់ទង ក្រៅពី FC Barcelona ដែលមានមិត្តរួមជាតិ Lionel Messi នោះឡើយ៕