(ភ្នំពេញ)៖ លោក Conor Nestor គ្រូបង្វឹកក្រុមព្រះខ័នរាជស្វាយរៀងបានបង្ហាញនូវការសប្បាយចិត្ត បន្ទាប់ពីឃើញកូនក្រុមសហការគ្នាបានល្អ ក្រោយឆ្លងកាត់ ២ប្រកួតបើករដូវកាលថ្មីកន្លងមក ពិសេសការសហការនៅតំបន់ប្រយុទ្ធរវាងកីឡាករចំណូលថ្មី Miguel Ángel Junco Martínez ហៅ Mika និងកីឡាករ Privat ដែលលោកចាត់ទុកពួកគេ គឺជាដៃគូដ៏ប៉ិនប្រសប់លើទីលាន។

បុរសសញ្ជាតិអៀរឡង់ខាងលើបានបញ្ជាក់ថា «ពួកគេទាំងពីរពិតជាឈ្លាសវៃណាស់ ហើយពួកគេទាំងពីរ ក៏មានភាពប៉ិនប្រសប់ខុសៗគ្នាដែរ។ ភាពខ្លាំងរបស់គេ គឺអាចបំពេញភាពខ្សោយរបស់អ្នកម្ខាងទៀតបាន ដែលជាអ្វីអាចឲ្យពួកគេក្លាយជាដៃគូដ៏ប៉ិនប្រសប់។ តែអ្វីដែលអាចធ្វើឲ្យគេក្លាយជាដៃគូដែលល្អនោះ គឺភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងធ្វើការខ្លាំង»

គ្រូបង្វឹកកាន់សញ្ញាបត្រកម្រិត UEFA-A Licence បានបន្ថែមទៀតថា «នៅពេលដែលមានឱកាសអាចរកគ្រាប់ឲ្យបាន ពួកគេទាំងពីរបានសហការគ្នារកគ្រាប់បាល់ វាធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយនៅពេលពាក់កណ្ដាលម៉ោង ដែលពួកគេមិនមានឱកាសរកគ្រាប់បាល់ ពួកគេក៏សហការគ្នា ដើម្បីការពារក្រុមពួកគេផងដែរ វាធ្វើឲ្យខ្ញុំកាន់តែសប្បាយចិត្តថែមទៀត»

Mika និង Pirvat បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងកោតសរសើរ បន្ទាប់ពីពួកគេសហការគ្នាបានយ៉ាងល្អ សម្រាប់ការបង្ហាញខ្លួនក្នុងជម្រើស ១១នាក់ដំបូងរបស់លោក Conor ចំនួន ២ប្រកួតកន្លងមក ដោយបានរួមចំណែកជួយស្វាយរៀង ទទួលបាន ៦ពិន្ទុពេញ។ ហេតុនេះ គេរំពឹងថា ប្រកួតបន្ដបន្ទាប់ គូប្រជែងរបស់ក្រុមជើងឯករងឆ្នាំចាស់នេះ នឹងពិបាកក្នុងការទប់ទល់ជាមួយអាវុធដ៏មុតស្រួចទាំងពីរ។

គួរដឹងថា ២ប្រកួតកន្លង Privat បានបញ្ជូនបាល់ (Assist) ឲ្យ Mika ៤លើក ខណៈខ្សែប្រយុទ្ធសញ្ជាតិអេស្ប៉ាញរូបនេះ សម្រេចការបញ្ចប់ទីបានទាំង ៤គ្រាប់ ដោយ ២គ្រាប់ រកបានពេលឈ្នះក្រុមអគ្គិសនីកម្ពុជា ៦-១ និង ២គ្រាប់ទៀត រកបានពេលឈ្នះក្រុមណាហ្គាវើលដ៏ ៣-១។ ចំណែក Mika វិញ ក៏បាន Assist ឲ្យ Privat ម្ដងដែរ ពេលខ្សែប្រយុទ្ធសញ្ជាតិកាមេរូនរូបនេះ រកបាន ២គ្រាប់ក្នុងជ័យជម្នះ ៦-១ លើក្រុមអគ្គិសនីកម្ពុជា៕