(ភ្នំពេញ)៖ ការចរាចរណ៍ក្រដាសប្រាក់ នៅតាមទីផ្សារនានា និងពីមនុស្សម្នាក់ទៅម្នាក់ ក៏អាចជាប្រភពចម្លងមេរោគផងដែរ ជាពិសេសក្នុងបរិបទ នៃជំងឺរាតត្បាត កូវីដ-១៩នេះ តែយើងអាចការពារបាន ដោយអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរដ្ឋាភិបាល និងការចូលរួមក្នុងសម័យបច្ចេកវិទ្យាទំនើប បច្ចុប្បន្នផងនោះ យើងអាចបញ្ជៀស នៃការរីករាលដាលឆ្លងមេរោគ ដ៏កាចសាហាវនេះ។

ពាក់ព័ន្ធនឹងបញ្ហាទាំងនេះ លោកស្រី សុខ សោភា នាយិការប្រតិបត្តិជាន់ខ្ពស់ទីផ្សារ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានឲ្យដឹងថា ការទូទាត់តាម អេស៊ីលីដាម៉ូបាល គឺជួយសម្រួល ដល់ពេលវេលា កាត់បន្ថយចំណាយធ្វើដំណើរ មិនមានការលួចបន្លំ មិនបាច់រាប់ប្រាក់ និងកាន់សាច់ប្រាក់ដោយផ្ទាល់ តាមដានលំហូរសាច់ប្រាក់ បានទាន់ពេល មានទំនុកចិត្តពីដៃគូជំនួញ ប្រតិបតិ្តការតាមពេលវេលាររបស់ខ្លួន ទាញយកបញ្ជីគណនី និងរក្សាព័ត៌មានផ្ទាល់ខ្លួន (Confidential) ហើយការប្រើប្រាស់ សេវាទាំងអស់នេះ គឺដោយឥតគិតថ្លៃ។

លោកស្រី សុខ សោភា បានបញ្ជាក់ថា ជាពិសេសទៅទៀតនោះ គឺជួយ ការពារសុខភាព ពីការរីករាលដាល នៃជំងឺឆ្លងផ្សេងៗ ដូចជាជំងឺកូវីដ-១៩ជាដើម និងបានរួមចំណែក ក្នុងការមិនផលិតក្រដាស់ប្រាក់ជំនួស ឲ្យក្រដាសប្រាក់ចាស់ៗ ដែលប្រលាក់ និងខូចទ្រង់ទ្រាយដើម។

លោកស្រីបន្តថា សម្រាប់ធនាគារវិញ យើងមានមោទនភាព ក្នុងការចូលរួមជាមួយសង្គមដ៏ស្រស់ស្អាត និងមានអនាម័យ តាមរយៈការប្រើមធ្យោបាយ ទូទាត់តាមឌីជីថល ហើយមានមោទនភាព ដែលបានបម្រើជូនអតិថិជនដ៏ឆ្លាតវៃទាំងជិត២លាននាក់ នូវបច្ចេកវិទ្យាល្អៗ និងមានទំនុកចិត្តបំផុត។

ទាំងនេះ អាចបញ្ជាក់បានថា ការប្រើប្រាស់បច្ចេកវិទ្យា នៅក្នុងវិស័យធនាគារ គឺក្រៅពីផ្តល់នូវភាពងាយស្រួលហើយនោះ វាថែមទាំងជួយកាត់បន្ថយ ការឆ្លងវីរុសផ្សេងៗ ដួចជាកូវីដ-១៩ បានផងដែរ៕