(អាមេរិក)៖ ក្រុមហ៊ុន Apple Inc នៅថ្ងៃអង្គារនេះ បានឲ្យដឹងថា ខ្លួននឹងរៀបចំសន្និសីទអ្នកអភិវឌ្ឍន៍ប្រចាំឆ្នាំរបស់ខ្លួន ជាទម្រង់តាមប្រព័ន្ធអនឡាញ ជាឆ្នាំទី២ជាប់គ្នា ដោយព្រឹត្តិការណ៍នេះ នឹងធ្វើឡើង ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ខាងមុខ ដោយសារករណីឆ្លងជំងឺ COVID-19 មានការកើនឡើង នៅសហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ។

សន្និសីទអ្នកអភិវឌ្ឍន៍ទូទាំងពិភពលោក (Worldwide Developers Conference) របស់ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នេះ ជាធម្មតាតែងតែធ្វើឡើងនៅទីក្រុង San Jose រដ្ឋ California ជាមួយនឹងអ្នកចូលរួម ជាង៥,០០០នាក់។ ប៉ុន្តែត្រូវបានផ្លាស់ប្តូរទៅធ្វើតាមរបៀបអនឡាញ ជាលើកដំបូង កាលពីខែមិថុនា ឆ្នាំមុន ដោយសារតែការផ្ទុះឡើង នៃមេរោគ COVID-19។

Apple បាននិយាយថា ព្រឹត្តិការណ៍នេះ នឹងត្រូវបានផ្សាយដោយឥតគិតថ្លៃម្តងទៀត នៅលើកម្មវិធីអភិវឌ្ឍន៍ ឬគេហទំព័ររបស់ខ្លួន។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 សរុបលើស៣០លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ហើយអត្រាជាមធ្យមនៃករណីឆ្លងថ្មី ក្នុងរយៈពេល៧ថ្ងៃ មានតិចជាង៦០,០០០ករណី ក្នុងមួយថ្ងៃ, នេះបើយោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បានឲ្យដឹងដូច្នេះ៕