(ភ្នំពេញ)៖ អ្នកនិពន្ធចម្រៀងល្បីឈ្មោះលោក Tho Meet បានបង្ហាញលទ្ធផលធ្វើតេស្តសំណាករកជំងឺកូវីដ-១៩ លើកចុះក្រោយរបស់ខ្លួន ដោយលទ្ធផលបង្ហាញថា មិនមានកូវីដ-១៩នោះទេ ដែលជានេះការឆ្លងផុតពីការឆ្លងជំងឺកូវីដ-១៩ តែយ៉ាងណាអ្នកនិពន្ធរូបនេះ នៅតែបន្តអនុវត្តន៍វិធានការសុខាភិបាល ក៏ដូចជាស្នើឲ្យបងប្អូនខ្មែរចូលរួមអនុវត្តន៍ផងដែរ។

យោងតាមបណ្តាញសង្គមផ្លូវការរបស់ លោក Tho Meet បានសរសេរសារយ៉ាងដូច្នេះថា «លទ្ធផលធ្វើតេស្ត COVID-19 របស់ខ្ញុំបាទលើកទី៣បានចេញមកហើយគឺអវិជ្ជមាន Negative។ លើកទី១ ថ្ងៃទី១០ មិនា៖ អវិជ្ជមាន, លើកទី២ ថ្ងៃទី២០ មិនា៖ អវិជ្ជមាន, លើកទី៣ ថ្ងៃទី២៧មិនា៖ អវិជ្ជមាន»

លោកបន្តថា «សូមអរគុណ បងប្អូនដែលបានព្រួយបារម្ភ ពេលនេះខ្ញុំស្រឡះចិត្តហើយ សូមថែទាំសុខភាពទាំងអស់គ្នា គឺត្រូវតែប្រុងប្រយ័ត្នជានិច្ច បើសង្ស័យថាខ្លួនផ្ទុកកូវីដ-១៩ សូមចូលរួមធ្វើតេស្ត ទាំងអស់គ្នា ព្រោះការធ្វើតេស្ត គឺមិនឈឺចាប់ មិនអស់លុយ ហើយធ្វើឲ្យបងប្អូន បាត់ភ័យ និង សង្ស័យទៀត។ កុំភ្លេច ៣កុំ ៣ការពារ! ខ្ញុំTHO MEET»

ការទៅធ្វើតេស្តរកជំងឺកូវីដ-១៩ ពីសំណាក់អ្នកនិពន្ធ Tho Meet នេះ បន្ទាប់ពីលោកមានជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមានកូវីដ-១៩ ត្បិតកន្លងមក មានសិល្បករ-សិល្បការិនីមួយចំនួនរបស់ផលិតកម្មហង្សមាស បានធ្វើតេស្តរកឃើញថា មានជំងឺកូវីដ-១៩។ ទោះយ៉ាងណា មានតារាមួយចំនួនបានជាសះស្បើយឡើងវិញហើយ ដូចជា ពិធីការិនី កែវ ចាន់ និមល, តារាចម្រៀង វី ឌីណែត, និង សុគន្ធ នីសា ជាដើម បន្ទាប់ពីទទួលបានការព្យាបាល និងយកចិត្តទុកដាក់ពីសំណាក់ថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យ៕