(ភ្នំពេញ)៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍សប្បាយរីករាយ បន្ទាប់ពីត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC ប្រកាសបន្ដកិច្ចសន្យាកាលពីថ្មីៗ ខណៈគោលដៅធំបំផុត គឺដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ទន្ទឹមជាមួយគ្នា កីឡាករលំដាប់អន្ដរជាតិរូបនេះបានបញ្ជាក់ថា មានក្រុមជម្រើសជាតិជាច្រើន ដែលខ្លាំងជាងក្រុមជម្រើសជាតិកម្ពុជា ហេតុនេះលោកនឹងព្យាយាមឲ្យអស់ពីលទ្ធភាព ដើម្បីដឹកនាំក្រុមគោព្រៃកម្ពុជា យកឈ្នះលើក្រុមទាំងនោះ។ នេះបើតាមការលើកឡើងក្នុងវីដេអូខ្លី ដែល Honda បានផ្ញើមកកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយសហព័ន្ធបានបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនព្រឹកនេះ។
Honda បាននិយាយថា «ខ្ញុំពិតជារីករាយក្នុងការបន្ដកុងត្រាជាមួយក្រុមជម្រើសជាតិកម្ពុជា ក្នុងតួនាទីអ្នកចាត់ការទូទៅ។ គោលដៅរបស់ពួកយើង គឺការប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ២០២៣។ ដូចគ្រប់គ្នាបានដឹងហើយថា មានក្រុមជម្រើសជាតិជាច្រើនដែលខ្លាំងជាងយើង ប៉ុន្ដែយើងនឹងព្យាយាម យកឈ្នះក្រុមទាំងនោះ យើងនឹងព្យាយាម។ សូមអរគុណដែលតែងតែគាំទ្រពួកយើងកន្លងមក ហើយសូមបន្ដគាំទ្រពួកយើងទៀត។ ជួបគ្នាឆាប់ៗនៅប្រទេសកម្ពុជា»។
បច្ចុប្បន្ន Honda កំពុងលេងឲ្យក្លិប Neftci PFK នៅប្រទេសអាស៊ែបៃហ្សង់ ប៉ុន្ដែលោកមានសហការីថ្មីម្នាក់ ដែលកំពុងមានវត្តមាននៅកម្ពុជា គឺលោក Ryu Hirose គ្រូបង្វឹកថ្មីរបស់ក្រុមជម្រើសជាតិកម្ពុជា ហើយអ្នកទាំងពីរ កំពុងធ្វើការជាមួយគ្នាក្នុងការជ្រើសរើសកីឡាករ ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ត្រៀមការប្រកួតជម្រុះពានរង្វាន់ FIFA World Cup Qatar 2022 ជុំទី២ ដែលនៅសល់ ៣ប្រកួតក្នុងពូល C ហើយគ្រោងបញ្ចប់ការប្រកួតបញ្ចប់នាខែមិថុនាខាងមុខ នៅប្រទេសបារ៉ែន៕