(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន Alibaba និងក្រុមហ៊ុន DST Global បានបោះទុនរួមគ្នាប្រមាណ ៧៥០លានដុល្លារអាមេរិក វិនិយោគទៅលើក្រុមហ៊ុនផ្ដល់សេវាកម្មដឹកជញ្ជូនគ្រឿងទេស Nice Tuan ដើម្បីជួយជម្រុញអាជីវកម្មមួយនេះនៅក្នុងទីផ្សារប្រកួតប្រជែងឲ្យកាន់តែប្រសើរឡើង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា Nice Tuan គឺជារបស់ក្រុមហ៊ុនបច្ចេកវិទ្យា Beijing Shihui Technology Co., បច្ចុប្បន្នបាននិងកំពុងតែទាក់ទាញការវិនិយោគទុកដ៏ខ្លាំង ដោយមានក្រុមហ៊ុនជាច្រើនបានចាប់អារម្មណ៍ និងខ្លះបានដាក់ទុនវិនិយោគដោយផ្ទាល់ ហើយទុនវិនិយោគទាំងនោះ ត្រូវបានក្រុមហ៊ុនយកទៅពង្រីកទីផ្សារតាមរយៈការបង្កើនលទ្ធភាពនៃការផលិត និងផ្គត់ផ្គង់នូវទំនិញស្រស់ៗ។
ក្រុមហ៊ុនមួយនេះបានបង្កើតឡើងនៅឆ្នាំ២០១៨ ដោយផ្ដោតសំខាន់លើការទិញគ្រឿងទេសនៅក្នុងសហគមន៍ ដែលជាវិស័យមួយជួយសម្រួលដល់អាជីវកម្មតូចៗឲ្យមានទីផ្សារ ជាពិសេសគឺក្រុមហ៊ុនបច្ចេកវិទ្យាធំៗជាច្រើនដូចជា Tencent Holdings Ltd, JD.com Inc និងក្រុមហ៊ុន Meituan សុទ្ធតែចាប់អារម្មណ៍វិនិយោគទុនទាំងអស់។
អាជីវកម្មលក់គ្រឿងទេសនៅតាមផ្ទះ និងតាមកន្លែងជាច្រើនទៀតបានជួបបញ្ហាលំបាកដោយសារតែជំងឺកូវីដ-១៩ ដែលជាហេតុធ្វើឲ្យការធ្វើអាជីវកម្មពួកគេត្រូវផ្លាស់ប្ដូរមកធ្វើអនឡាញវិញ ហើយវាក៏ជាឱកាសថ្មីផងដែរ៕