(ស៊ីដនី)៖ ប្រធានដឹកនាំក្រុមអត្តពលិកអូស្ត្រាលី លោក Ian Chesterman កំពុងតែមានទំនុកចិត្តខ្ពស់ចំពោះកីឡាករ-កីឡាការិនីទាំងអស់ ដែលអាចនឹងទទួលបានវ៉ាក់សាំងការពារមេរោគ COVID-19 មុនពេលទៅដល់ប្រទេសជប៉ុន ដើម្បីចូលរួមព្រឹត្តិការណ៍ Tokyo Olympic Games 2020 ខាងមុខនេះ។
លោក Ian Chesterman បានលើកឡើងបែបនេះនាថ្ងៃពុធ ទី៣១ ខែមីនា ឆ្នាំ២០២១ ក្នុងកម្មវិធីបង្ហាញឈុតខោអាវកីឡារបស់អត្តពលិកអូស្រ្តាលី មុនចេញទៅប្រកួតប្រជែងព្រឹត្តិការណ៍កីឡាចម្រុះ Tokyo Olympic Games 2020 ដែលអាចបង្ហាញថា គ្រប់អត្តពលិកទាំងអស់ត្រូវបានការពារសុវត្ថិភាពពីមេរោគ COVID-19 និងជឿជាក់ថា នឹងមិននាំយកមេរោគមកផ្ទះវិញនោះទេ។
ប្រធានដដែលបានគូសបញ្ជាក់ថា «យើងសង្ឃឹមថា ការប្រកួតនឹងធ្វើឡើងទៅតាមការគ្រោងទុកដែលនឹងចាប់ផ្តើមពីថ្ងៃទី២៣ ខែកក្កដារហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២១ បន្ទាប់ត្រូវបានពន្យារពេលដោយសារវិបត្តិជំងឺ COVID-19 ខណៈលោកធ្លាប់បានដឹកនាំក្រុមអត្តពលិកអូស្ត្រាលី ប្រជែងព្រឹត្តិការណ៍រដូវត្រជាក់បាន ៦លើកមកហើយ»៕