(ចិន)៖ ក្រុមហ៊ុនបច្ចេកវិទ្យា Huawei Technologies របស់ចិន បានរាយការណ៍កំណើនប្រាក់ចំណេញប្រចាំឆ្នាំ២០២០ ខណៈប្រាក់ចំណូលក្រៅប្រទេស មានការធ្លាក់ចុះ ដោយសារផលប៉ះពាល់នៃមេរោគ COVID-19 និងការដាក់ក្រុមហ៊ុនចូលក្នុងបញ្ជីខ្មៅនាំចេញ របស់សហរដ្ឋអាមេរិក, នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១នេះ។
ប្រាក់ចំណេញសុទ្ធ សម្រាប់ឆ្នាំ២០២០ មានចំនួន៦៤,៦ពាន់លានយ័ន (៩,៨៣ពាន់លានដុល្លារ), កើនឡើង៣,២ភាគរយ, បើធៀបនឹងកំណើន៥,៦ភាគរយ ក្នុងឆ្នាំ២០១៩។
Huawei ត្រូវបានគេដាក់ចូលក្នុងបញ្ជីខ្មៅនាំចេញ ដោយអតីតប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump ក្នុងឆ្នាំ២០១៩ ហើយបានហាមឃាត់ពីការចូលប្រើប្រាស់ បច្ចេកវិទ្យាសំខាន់ ដែលមានប្រភពដើមរបស់សហរដ្ឋអាមេរិក ដែលបានជះឥទ្ធិពល ដល់សមត្ថភាពរចនាឈីបផ្ទាល់ខ្លួន និងសមាសធាតុប្រភព ពីអ្នកលក់ខាងក្រៅ។
ការហាមឃាត់នេះ បានធ្វើឲ្យអាជីវកម្មលក់ទូរស័ព្ទរបស់ក្រុមហ៊ុន Huawei ស្ថិតក្រោមសំពាធដ៏ធំ។
«ក្នុងឆ្នាំ២០២០ យើងមានការធ្លាក់ចុះ ក្នុងអត្រាកំណើន ហើយជីវិតមិនងាយស្រួលទេ សម្រាប់ពួកយើង។ ការដាក់កម្រិតរបស់សហរដ្ឋអាមេរិក ប្រធានប្តូរវេនរបស់ក្រុមហ៊ុន Huawei លោក Ken Hu បានប្រាប់នៅក្នុងព្រឹត្តិការណ៍មួយ នាទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន នៅទីក្រុង Shenzhen បានធ្វើឲ្យប៉ះពាល់ដល់អាជីវកម្មអតិថិជនរបស់យើង, ជាពិសេសនោះ គឺអាជីវកម្មលក់ទូរស័ព្ទចល័ត»។
ក្រុមហ៊ុន Huawei បានរាយការណ៍ថា អាជីវកម្មអតិថិជនរបស់ខ្លួន, ដែលរួមបញ្ចូលទាំងស្មាតហ្វូន, បាននាំមកនូវប្រាក់ចំនួន៤៨២,៩ពាន់លានយ័ន, កើនឡើង៣,៣ ភាគរយបើធៀបនឹងឆ្នាំកន្លងទៅ, ហើយមានចំនួនស្មើជាងពាក់កណ្តាល នៃប្រាក់ចំណូលរបស់ក្រុមហ៊ុន៕