(ក្រុងឡុងដ៍)៖ អ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal ផ្នែកស្ត្រី លោក Joe Montemurro នឹងលាលែងចេញពីតំណែងរបស់លោក នៅពេលចប់រដូវកាលនេះ។ នេះបើតាមការបញ្ជាក់ពីក្លិប ដែលលេងនៅលីគ Women's Super League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

បុរសជនជាតិអូស្រ្តាលីខាងលើ ដែលបានចាកចេញពីក្លិបក្នុងស្រុក Melbourne City ដើម្បីចូលរួមជាមួយ Arsenal ក្នុងឆ្នាំ២០១៧ នោះ បានដឹកនាំក្រុមរបស់ពួកគេ ទទួលបានពានរង្វាន់ WSL ជាលើកដំបូង ក្នុងរយៈពេល ៧ឆ្នាំ កាលឆ្នាំ២០១៩ ព្រមទាំងឈានដល់វគ្គ ៨ក្រុមចុងក្រោយនៃយុទ្ធនាការ Champions League ១លើកផងដែរ។

គេហទំព័រផ្លូវការ Arsenal បានលើកឡើងថា លោក Montemurro បានសម្រេចចិត្តឈប់សម្រាកពីអាជីព ដើម្បី «លំហែរកាយ និងលះបង់ពេលវេលាបន្ថែមទៀតនៅជាមួយគ្រួសាររបស់គាត់ផងដែរ»

គួរបញ្ជាក់ថា ក្លិប Arsenal ឈរនៅលំដាប់លេខ៤ នៃតារាងលីគ WSL របស់អង់គ្លេស ជាមួយនឹង ៣៥ពិន្ទុ នៅក្រៅតំបន់កៅអី Champions League ពីក្រុម Manchester United Women៕