(អាមេរិក)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Microsoft Corp បានឱ្យដឹងនៅថ្ងៃពុធម្សិលមិញនេះថា ខ្លួនទទួលបានជោគជ័យ ក្នុងការ ដេញ ថ្លៃផ្គត់ផ្គង់ ឧបករណ៍យោធាដល់សហរដ្ឋអាមេរិកក្នុងទឹកប្រាក់ជិត ២១.៩ពាន់លានដុល្លារអាមេរិក ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។

ឧបករណ៍នោះជាប្រភេទកាសត្រចៀកដែលពាក់នៅជាប់នឹងក្បាល និងមានបំពាក់នូវវែនតាពិសេស ពោលគឺជាឧបករណ៍មួយដែល បំពាក់នូវ បច្ចេកវិទ្យាសម្រាប់ប្រើនៅក្នុងវិស័យយោធា ដោយភ្ជាប់ជាមួយនឹង អ៊ីនធើណែត ដោយប្រើប្រាស់ Cloud សម្រាប់បញ្ជូន និងរក្សាទុកឯកសារ។

អ្នកនាំពាក្យរបស់ Microsoft បានថ្លែងប្រាប់សារព័ត៌មាន Reuters ថា ទឹកប្រាក់ជិត ២១.៨៨ពាន់លានដុល្លារអាមេរិកនេះគឺនឹងត្រូវយកទៅ ប្រើប្រាស់ក្នុងរយៈពេល ១០ឆ្នាំ ប៉ុន្តែមិនបានបញ្ជាក់លម្អិតអំពីកិច្ចព្រមព្រៀងនេះឡើយ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Microsoft ត្រូវបានគេដឹងថាជាដៃគូសហការដ៏ល្អជាមួយនឹងរដ្ឋាភិបាលអាមេរិកលើការផ្គត់ផ្គង់សម្ភារៈ និងឧបករណ៍យោធា ដោយក្នុងនោះ Microsoft បានប្រើប្រាស់នូវបច្ចេកវិទ្យាខ្ពស់ៗ និងទំនើបសម្រាប់ផលិតឧបករណ៍យោធាឡើងក្នុង គុណភាពខ្ពស់ និងពោរពេញដោយសមត្ថភាព៕