(ភ្នំពេញ)៖ តារាចម្រៀងចាស់វស្សាប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ បានបង្ហោះសារក្រើនរំឭកដល់បងប្អូនប្រជាពលររដ្ឋខ្មែរ ក៏ដូចជាអ្នកគាំទ្រ ក្នុងន័យចូលរួមគោរពវិធានការសុខាភិបាល ដើម្បីកុំឲ្យក្លាយជាជនរងគ្រោះដូចរូបលោក ក្នុងមួយប៉ប្រិចភ្នែក។

នៅព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១នេះ តារាចម្រៀង ណុប បាយ៉ារិទ្ធ បានបង្ហោះសារយ៉ាងដូច្នេះថា «១មេសា ឆ្នាំ២០២១ ខែថ្មី ថ្ងៃថ្មី សូមឲ្យរោគាហានិភ័យ កូវីដ-១៩ រលាយបាត់ពីកម្ពុជាឆាប់ៗ។ សូមការពារខ្លួនឯង គ្រួសារឲ្យបានខ្ជាប់ខ្ជួន ចងចាំថាគ្មានភារកិច្ច កុំចេញពីផ្ទះដាច់ខាត កុំរឹងទទឹង កុំមើលស្រាល ១វិនាទី អ្នកអាចក្លាយជាជនរងគ្រោះដោយការឆ្លងជំងឺកូវីដ-១៩ភ្លាម ហើយអ្នករងគ្រោះបន្ទាប់ គឺច្បាស់ជាមនុស្សជាទីស្រលាញ់ក្នុងគ្រួសារអ្នក»

តារាសំឡេងផ្អែមរូបនេះ បានបន្តថា «ដូច្នេះ កុំព្រោះតែការមើលស្រាលរបស់អ្នក ហើយយកជីវិតខ្លួនឯង និងគ្រួសារ មកប្រលែងលេងជាមួយកូវីដឲ្យសោះ សំណាងល្អគឺជា សំណាងអាក្រក់អាចគ្រោះថ្នាក់ដល់ជីវិត។ ដាច់ខាតកុំបណ្តោយខ្លួនឲ្យឆ្លងជំងឺកូវីដ១៩ ដោយគោរពឲ្យបានម៉ឺងម៉ាត់នៅគោលការណ៍ ៣កុំ ៣ការពារ»

ទន្ទឹមគ្នានឹងការបង្ហោះសារនេះផងដែរ មានបណ្តាអ្នកគាំទ្រជាច្រើន បានជូនពរជាបន្តបន្ទាប់ ឲ្យលោក ណុប បាយ៉ារិទ្ធ ឆាប់ជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩នេះ។

គួរជម្រាបថា តារាចម្រៀងប្រុសប្រចាំផលិតកកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខណៈបច្ចុប្បន្នលោកកំពុងសម្រាកព្យាបាលនៅសណ្ឋាគារ Great Duke និងមានអាការៈធូរស្បើយច្រើនហើយ៕