(ភ្នំពេញ)៖ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានស្នើសុំសហព័ន្ធកីឡាប្រដាល់សកលអាស៊ី (ASBC) និងសមាគមកីឡាប្រដាល់សកលអន្ដរជាតិ (AIBA) ដើម្បីបានបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ចូលរួមប្រកួតជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២១ នៅប្រទេសឥណ្ឌានាខែឧសភាខាងមុខ និងការស្នើសុំបោះជំរំហ្វឹកហាត់ក្រៅស្រុក ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាម នាចុងឆ្នាំនេះផងដែរ។
លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា សហព័ន្ធបានទំនាក់ទំនងទៅ ASBC និង AIBA រួចហើយ តែបញ្ហាប្រឈម គឺក្រុមជម្រើសជាតិកម្ពុជា មិនទាន់បានប្រមូលផ្ដុំហ្វឹកហាត់នោះទេ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។ ដោយហេតុនេះ លោកសង្ឃឹមថា ក្រសួងអប់រំ យុវជន និងកីឡា នឹងពិចារណារៀបចំដំណើរការប្រមូលផ្ដុំឲ្យបានឆាប់ ដ្បិតកីឡាករ-កីឡាការិនីបានទទួលវ៉ាក់សាំង ២លើករួចហើយ។
លោកថា «សហសហព័ន្ធក៏បានទំនាក់ទំនងជាមួយ ASBC ក៏ដូចជា AIBA ដើម្បីស្នើសុំជំនួយឧបត្ថម្ភពីស្ថាប័នអន្ដរជាតិទាំងពីរ ដើម្បីធ្វើការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រកួតជ្រើសរើសជើងឯកអាស៊ី នៅឥណ្ឌា ក៏ដូចជាការប្រកួតផ្សេងៗ។ ក្រៅពីការប្រកួត យើងក៏នឹងស្នើសុំទាក់ទងនឹងការបោះជំរំហ្វឹកហាត់ក្រៅប្រទេសត្រៀមការប្រកួតអន្ដរជាតិ ក្នុងឆ្នាំ២០២១ នេះដែរ ពិសេសការប្រកួតស៊ីហ្គេមចុងឆ្នាំនេះនៅវៀតណាម»។
អគ្គលេខាធិការសហព័ន្ធដដែលបន្ថែមថា ដោយសារការអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ បានធ្វើឲ្យប៉ះពាល់ដល់ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ដោយមកទល់សព្វថ្ងៃនេះ សហព័ន្ធមិនទាន់ប្រមូលផ្ដុំក្រុមជម្រើសជាតិផ្លូវការទេ ដ្បិតក្រសួងអប់រំ ក៏បានពន្យារពេលដែរ ដែលនាំឲ្យសហព័ន្ធមានកង្វល់ខ្លះ ជុំវិញការពង្រឹងសមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមការប្រកួតកីឡាស៊ីហ្គេម នៅវៀតណាមនាចុងឆ្នាំនេះ។
គួរបញ្ជាក់ថា ការប្រកួតកីឡាប្រដាល់សកលជ្រើសរើសជើងឯកអាស៊ី ឆ្នាំ២០២១ គ្រោងប្រកួតពីថ្ងៃទី២១-៣១ ខែឧសភា ឆ្នាំ២០២១ ខាងមុខនៅប្រទេសឥណ្ឌា ខណៈការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅវៀតណាម គ្រោងប្រកួតពីថ្ងៃទី២១ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ចំពោះការប្រមូលផ្ដុំជម្រើសជាតិវិញ បច្ចុប្បន្នក្រសួងអប់រំ ក៏កំពុងសិក្សាជាមួយស្ថាប័នជំនាញ ដើម្បីត្រៀមបើកដំណើរការប្រមូលផ្ដុំឡើងវិញដែរ៕