(ភ្នំពេញ)៖ តារាចម្រៀងស្រីចាស់វស្សាររបស់ផលិតកម្មរស្មីហង្សមាស ពេជ្រ សោភា បានឆ្លងរួចផុតពីការឆ្លងជំងឺកូវីដ-១៩ លើកនេះហើយ បន្ទាប់ពីលទ្ធផលធ្វើតេស្តសំណាកលើកទី៣ របស់នាងបង្ហាញថា មិនមានជំងឺនេះទេ។ តែយ៉ាងណា នាងនៅតែបន្តអនុវត្តន៍វិធានការសុខាភិបាល និងសំណូមពរឲ្យបងប្អូនខ្មែរ ក៏ដូចជាអ្នកគាំទ្រចូលរួមអនុវត្តន៍ផងដែរ។
តារាចម្រៀង ពេជ្រ សោភា បានសរសេរថានៅមុននេះបន្តិចថា «លទ្ធផលធ្វើតេស្ត របស់នាងខ្ញុំទាំង៣ដងបាន ចេញមកហើយ លើកទី១៖ ថ្ងៃទី០៩ មិនា អវិជ្ជមាន, លើកទី២៖ ថ្ងៃទី១៣ មិនា អវិជ្ជមាន, លើកទី៣៖ ថ្ងៃទី២៨ មិនា អវិជ្ជមាន»។
ម្ចាស់បទ «នៅផ្ទះដើម្បីគ្រួសារ» រូបនេះ បានបន្តថា «សូមអរគុណ បងប្អូនដែលបានព្រួយបារម្ភ សូមថែទាំសុខភាពទាំងអស់គ្នា បើសង្ស័យថាខ្លួនផ្ទុក កូវីត-១៩ ខ្ញុំសូមសំពះលើកដៃ អង្វរបងប្អូន សូមចូលរួមធ្វើតេស្ត ទាំងអស់គ្នា ព្រោះការធ្វើតេស្ត គឺមិនឈឺចាប់ មិនអស់លុយ ហើយធ្វើឲ្យអោយបងប្អូន បាត់ភ័យ និង សង្ស័យទៀត។ កុំភ្លេច ៣កុំ ៣ការពារ!»។
តារាចម្រៀង ពេជ្រ សោភា ធ្លាប់បាននិយាយនៅក្នុងវីដេអូដែលនាងបង្ហោះថ្មីៗនេះថា អំឡុងពេលដែលនាងធ្វើចត្តាឡីស័កក្នុងផ្ទះ គឺសំងំធ្វើបទចម្រៀងបានយ៉ាងច្រើន ជាក់ស្តែងដូចបទដែលបញ្ចេញថ្មីៗនេះ ចំណងជើងថា «នៅផ្ទះដើម្បីគ្រួសារ» ជាដើម ដែលបង្កប់អត្ថន័យ ណែនាំបន្ថែមដល់បងប្អូនខ្មែរ កុំឲ្យចេញក្រៅផ្ទះ ចូលរួមអនុវត្តន៍តាមការណែនាំរបស់ក្រសួងសុខាភិបាលជាដើម អំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩នេះ៕