(ប៉េកាំង)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei បានប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុនៅក្នុងឆ្នាំ២០២០ ដោយទទួលបានកំណើនមិនសូវខ្ពស់ប៉ុន្មានឡើយបើធៀបនឹងឆ្នាំ២០១៩ ប៉ុន្តែមិនបានធ្លាក់ចុះដូចការវិភាគឡើយ។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSM Arena នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រាក់ចំណូលបានមកពីការលក់របស់ Hauwei នៅក្នុងឆ្នាំ២០២០ ទទួលបាន ១៣៦.៧ពាន់លានដុល្លារអាមេរិក ខណៈដែលប្រាក់ចំណេញសុទ្ធមានចំនួន ៩.៩ពាន់លានដុល្លារអាមេរិក។
នៅក្នុងរបាយការណ៍បានបង្ហាញថា ប្រាក់ចំណូលខាងលើ កើនឡើង ៣.៨ភាគរយ បើធៀបនឹងឆ្នាំ២០១៩ ខណៈដែលប្រាក់ចំណេញកើនឡើង ៣.២ភាគរយបើធៀបនឹងឆ្នាំមុនដូចគ្នា។
ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួននៅតែខ្លាំង បើទោះបីជារងសម្ពាធ និងការដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិកក៏ដោយ ហើយនៅក្នុងឆ្នាំ២០២១នេះ ខ្លួនរំពឹងថា ប្រាក់ចំណូលនឹងកើនឡើងថែមទៀត។
ក្រុមហ៊ុន Hauwei ក៏បានបង្ហាញឲ្យដឹងផងដែរថា ប្រាក់ចំណូលប្រមាណជា ៦៦ភាគរយគឺបានមកពីទីផ្សារប្រទេសចិន ជាពិសេសបានមកពីបច្ចេកទេស 5G ហើយក៏លើកឡើងផងដែរថា នៅឆ្នាំ២០២១ នេះ បច្ចេកវិទ្យា 5G នឹងដើរតួយ៉ាងសំខាន់ក្នុងការរកប្រាក់ចំណូល៕