(ភ្នំពេញ)៖ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សាមាស អ្នកនាង សួស វីហ្សា ដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅសណ្ឋាគារ Great Duke នៅមុននេះ បានបង្ហាញពីអាការៈរបស់ខ្លួន ពោលគឺមានភាពប្រសើរឡើងច្រើនហើយ និងមិនធ្វើទុក្ខអ្វីនោះទេ។ ប៉ុន្តែអ្វីដែលពិបាកសម្រាប់នាង ពេលនេះ គឺនឹកកូនស្រីជាទីស្រឡាញ់ ត្បិតបែកគ្នាជាយូរមកហើយ។
តារាចម្រៀង សួស វីហ្សា បានសរសេរសារយ៉ាងដូច្នេះថា «Jenny ម៉ាក់នឹកកូនខ្លាំងណាស់ ម៉ាក់មិនដែលនឹកស្មានថាសុខៗម៉ាក់ត្រូវបែកឆ្ងាយពីកូនរាប់ខែអញ្ចឹងទេ»។
តារាចម្រៀងរូបនេះ បន្តថា «រាល់ថ្ងៃខ្ញុំកេីតជំងឺ COVID ពិតមែន តែមកដល់ពេលនេះខ្ញុំគ្មានអាការៈអ្វីទេ សុខភាពធម្មតាទាំងអស់ មិនមានហត់ មិនមានក្អកស្លេស មិនមានក្អួត មិនឈឺក្បាលវិលមុខ មិនឈឺខ្លួន ផ្ទុយទៅវិញមានតែញាំបានគេងបានធម្មតា ហាក់ដូចមិនមែនអ្នកឈឺអញ្ចឹង តែជំងឺដែលពិបាកជាងគេ សំរាប់ខ្ញុំនាពេលនេះ គឺជំងឺនឹកកូន នឹកប្តី នឹកម៉ាក់ប៉ា នឹកក្រុមគ្រួសារ នឹកផ្ទះ នឹកខ្លាំងណាស់។ ខ្ញុំចង់ទៅផ្ទះខ្ញុំវិញ។ ខែនេះជាខែកំណេីតរបស់ខ្ញុំ ខ្ញុំសុំកំលាំងចិត្តម្នាក់បន្តិចផង..»។
តាមរយៈសារទាំងនេះ អាចនិយាយបានថា តារាចម្រៀង សួស វីហ្សា នៅពេលនេះ គឺមានអាការប្រសើរឡើងច្រើនហើយ ត្បិតកំពុងទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ ខណៈមហាជនបានជូនពរជាបន្តបន្ទាប់ ឲ្យតារាស្រីដួងនេះឆាប់បានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ផងដែរ។
គួរជម្រាបថា តារាចម្រៀង សួស វីហ្សា បានរកឃើញថា មានវិជ្ជមានកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី៣ និងត្រូវបានបញ្ចូនទៅព្យាបាលនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១។ ពោលនាង បានទៅពិនិត្យសំណាក ដើម្បីរកជំងឺកូវីដ-១៩ លើកទី១ នៅថ្ងៃទី០៩ ខែមីនា និងលើកទី២ នៅថ្ងៃទី១៧ ខែមីនា ដោយលទ្ធផលបង្ហាញថា សុទ្ធតែអវិជ្ជមាន ប៉ុន្ដែលុះដល់ការធ្វើតេស្ដលើកទី៣នេះ ស្រាប់តែលទ្ធផលផ្លូវការរបស់ក្រសួងសុខាភិបាល បង្ហាញថា អ្នកនាងមានវិជ្ជមានជំងឺកូវីដ-១៩តែម្ដង៕