(អាមេរិក)៖ នាយកគ្រប់គ្រងប្រាក់ចំណូលរបស់ក្រុមហ៊ុន Facebook លោក David Fischer បានប្រកាសថា ខ្លួននឹងលាឈប់ពីក្រុមហ៊ុន ប៉ុន្តែមិនបានបញ្ជាក់ពីមូលហេតុច្បាស់លាស់ឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១។
លោក David Fischer ត្រូវបានគេដឹងថា ជាក្បាលម៉ាស៊ីនមួយដ៏ខ្លាំង ដែលបច្ចុប្បន្នជាអ្នកគ្រប់គ្រងអាជីវកម្មផ្សព្វផ្សាយពាណិជ្ជរបស់ Facebook ជាពិសេសគឺគ្រប់គ្រាន់ការលក់នៅជុំវិញពិភពលោក។
ការចាកចេញរបស់លោក Fischer ចំពេលដែល Facebook ធ្វើការផ្លាស់ប្តូរនូវគោលការណ៍ក្នុងការផ្សព្វផ្សាយពាណិជ្ជនៅលើប្រព័ន្ធប្រតិបត្តិការ iOS របស់ក្រុមហ៊ុន Apple បន្ទាប់ពី Apple បានធ្វើកំណែទម្រង់ច្បាប់ និងគោលការណ៍របស់ខ្លួន ហើយវាបានជះឥទ្ធិពលលើការផ្សព្វផ្សាយពាណិជ្ជរបស់ Facebook ។
«នេះជាការងារពេញមួយជីវិត។ ខ្ញុំមានមោទនភាពក្រៃលែងចំពោះអ្វីដែលយើងបានសំរេចក្នុងរយៈពេល ១១ ឆ្នាំកន្លងមកនេះ ហើយខ្ញុំមានសុទិដ្ឋិនិយមចំពោះផ្លូវដែលក្រុមហ៊ុន( Facebook) បានដើរ»។ នេះជាសំដីរបស់លោក Fischer បានបង្ហោះលើ Facebook ផ្ទាល់ខ្លួនរបស់លោក។
លោក Fischer បានបញ្ជាក់ថា លោកមិនទាន់កំណត់ពេលវេលានៃការចាកចេញនោះទេ គឺរង់ចាំមានអ្នកមកជំនួសការងាររបស់លោកសិន ហើយលុះត្រាតែការងារនោះត្រូវផ្ទេរទៅយ៉ាងរលូន។ រីឯអ្វីដែលលោកនឹងធ្វើបន្ទាប់ពីចាកចេញពី Facebook នោះ គឺលោកនឹងចំណាយពេលវេលាជាមួយគ្រួសារ មិត្តភក្តិ និងដើរកម្សាន្ត។
លោកស្រី Sheryl Sandberg ប្រធានចាត់ការទូទៅ (COO) បានបង្ហោះសារអរគុណចំពោះលោក Fischer ថា «អរគុណចំពោះការខិតខំប្រឹងប្រែងយ៉ាងសកម្មចំពោះក្រុមហ៊ុនក្នុងរយៈ ១១ឆ្នាំនេះ។ អ្នក (Fischer) បានជួយឲ្យអាជីកម្មយើង (Facebook) ដំណើរការបានដូចសព្វថ្ងៃ។ លោក Mark Zuckerberg និងខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងមូលដឹងគុណលោកគ្មានថ្ងៃបំភ្លេចបានឡើយ»។
ពាក់ព័ន្ធនឹងការលាឈប់នេះផងដែរ ក្រុមហ៊ុន Facebook បានបង្ហើបឲ្យដឹងថា នឹងបង្កើតមុខតំណែងថ្មីដែលមានឈ្មោះថា នាយកគ្រប់គ្រងអាជីវកម្ម (CBO) ហើយលោក Fischer គឺជាអ្នកស្វែងរកបុគ្គលិកដែលមានសមត្ថភាពមកកាន់តំណែងនេះជំនួសរូបលោក៕