(ភ្នំពេញ)៖ ចាប់តាំងពីមានការរីករាលដាលជាសកលនៃជំងឺកូវីដ-១៩មក ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានសម្របខ្លួនទៅនឹងសភាពធម្មតាតាមបែបគន្លងថ្មី (New Normal) ដោយបានធ្វើការផ្លាស់ប្ដូរទៅជាការប្រើប្រាស់ប្រព័ន្ធអនឡាញសម្រាប់ការប្រជុំ និងការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក ព្រមទាំងបានលើកទឹកចិត្តឲ្យក្រុមការងារ ពុំមែនជួរមុខធ្វើការពីចម្ងាយទៀតផង។ ការផ្លាស់ប្ដូរបែបនេះគឺពិតជាមានសារៈសំខាន់ណាស់ ដើម្បីជួយថែរក្សាការពារសុវត្ថិភាពនិងសុខភាពរបស់ក្រុមការងារ និងក្រុមគ្រួសាររបស់ពួកគេផងដែរ។
ទោះជាយ៉ាងណាក្ដី ដោយមានការព្រួយបារម្ភកាន់តែខ្លាំង ស្របនឹងការកើនឡើងនៃករណីជំងឺកូវីដ-១៩ ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានបោះជំហានទៅមុខបន្ថែមទៀត ដោយបានរៀបចំផែនការផ្ដល់វ៉ាក់សាំងការពារសុវត្ថិភាពជូនដល់បុគ្គលិកចំនួនជិត ៣០០០នាក់ ដែលបានស្ម័គ្រចិត្តទទួលយកការចាក់វ៉ាក់សាំងនេះ ដែលជាផ្នែកមួយ នៃគំនិតផ្តួចផ្តើមសកម្មភាពទំនួលខុសត្រូវសង្គមរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប ។
ក្រោមការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោ ហ៊ុន សែន និងបានសហការជាមួយក្រសួងសុខាភិបាល និងសភាពាណិជ្ជកម្មកម្ពុជា កម្មវិធីចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប បានប្រព្រឹត្តទៅនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្នុងគោលបំណងផ្ដល់វ៉ាក់សាំងការពារដល់និយោជិកប្រមាណ ១២០០នាក់ក្នុងមួយថ្ងៃ។
អ្នកឧកញ៉ា គិត ម៉េង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការអនុញ្ញាត និងការគាំទ្រដ៏ថ្លៃថ្លាពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក៏ដូចជាចំពោះកិច្ច សហការយ៉ាងរឹងមាំ ជាមួយក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។
អ្នកឧកញ៉ា គិត ម៉េង បានបន្តថា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានចុះត្រួតពិនិត្យមណ្ឌលចាក់វ៉ាក់សាំងក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប នោងបានចែករំលែកនូវគន្លឹះសំខាន់ៗក្នុងការទប់ស្កាត់ការរីករាលដាលនៃវីរុសនេះផងដែរ។ ការពន្លឿនការចាក់វ៉ាក់សាំងប្រកបដោយសុវត្ថិភាពជូនប្រជាពលរដ្ឋ គឺជាផ្នែកមួយនៃវិធានការការពារសុខភាព និងសុវត្ថិភាពរបស់សហគមន៍។ ដូចនេះការសម្របសម្រួលកម្មវិធីផ្ដល់វ៉ាក់សាំងសម្រាប់និយោជិករបស់ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប គឺជាការរួមចំណែកដ៏សំខាន់ដើម្បីឈានដល់ការសម្រេចគោលដៅជាចម្បង៕