(ភ្នំពេញ)៖ អ្នកដឹកនាំសម្ដែង និងជាអ្នកនិពន្ធបទចម្រៀង ប្រចាំផលិតកម្មរស្មីហង្សមាសលោក វ៉ែន វណ្ណា ហៅ លី ស៊ីនហួន បញ្ជាក់ថា លោកបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ហើយ បន្ទាប់ពីបានទទួលការយកចិត្តទុកដាក់ព្យាបាលពីសំណាក់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ។

លោក លី ស៊ីនហួន បានថ្លែងប្រាប់ Fresh News Plus នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ថា លោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាលជំងឺកូវីដ-១៩ ទៅគេហដ្ឋានវិញហើយ បន្ទាប់ពីបានជាសះស្បើយពីជំងឺកូវីដ-១៩ ពោលលោកត្រូវបានអនុញ្ញាតឲ្យចេញតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ មកម្ល៉េះ ខណៈបច្ចុប្បន្នកំពុងតែបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ ថែមទៀត នៅគេហដ្ឋានផ្ទាល់ខ្លួន។

អ្នកនិពន្ធចម្រៀងរូបនេះ បានផ្តាំផ្ញើនូវសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះថ្នាក់ដឹកនាំប្រទេសគឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ក្នុងគ្រានៃជំងឺកូវីដ-១៩នេះ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ដែលជាកងទ័ពជួរមុខក្នុងសមរភូមិប្រឆាំងកូវីដ-១៩ ផងដែរ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលរូបលោក និងបងប្អូនខ្មែរជាច្រើនទៀត រហូតបានជាសះស្បើយពីជំងឺកូវីដ-១៩នេះ។

គួរជម្រាបថា អំឡុងពេលព្យាបាលជំងឺកូវីដ-១៩ អ្នកនិពន្ធ លី ស៉ីនហួន ក៏ត្រូវបានគេដឹងថា បាននិពន្ធចម្រៀងមួយចំនួនផងដែរ និយាយពីកងទ័ពជួយមុខ ក្នុងការប្រឆាំងនឹងជំងឺកូវីដ-១៩ ជាពិសេសការលះបង់កំលាំងកាយចិត្តរបស់ថ្នាក់ដឹកនាំប្រទេស ក្នុងការប្រឆាំងជាមួយជំងឺដ៏កាចសាហាវមួយនេះ។ ចម្រៀងដែលលោក លី ស៊ីនហួន និពន្ធទំនុកច្រៀងរួមមានបទ «TYDA ម្ចាស់ចិត្តខ្ញុំ», បទ «គុណធីតាតេជោ» ផងដែរ៕