(ប៉ាគីស្ថាន)៖ តុលាការកំពូលមួយនៅប៉ាគីស្ថាន បានឲ្យដឹងថា អាជ្ញាធរទូរគមនាគមន៍របស់ខ្លួន អាចដកនូវការហាមឃាត់លើកម្មវិធីប្រព័ន្ធសង្គម TikTok បន្ទាប់ពីមន្ត្រីរដ្ឋាភិបាលបានលើកឡើងថា ក្រុមហ៊ុនមួយនេះបាននឹងកំពុងធ្វើការជាមួយពួកគេ ស្តីពីការគ្រប់គ្រងទៅលើអ្វីដែលពួកគេហៅថា មាតិកា «អសីលធម៌», នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១នេះ។

ប្រធានអាជ្ញាធរទូរគមនាគមន៍ប៉ាគីស្ថាន (PTA) បានប្រាប់តុលាការ នៅក្នុងការកាត់ក្តី នៅថ្ងៃព្រហស្បតិ៍នេះ នាទីក្រុង Peshawar ថា ខ្លួនបានជជែកជាមួយក្រុមហ៊ុន TikTok ហើយក្រុមហ៊ុនបានយល់ព្រមតែងតាំងជនបង្គោល ដើម្បីធានាថា ខ្លឹមសារត្រូវបានសម្របសម្រួល ឲ្យបានប្រសើរជាងមុន។

គួររំលឹកថា កាលពីខែតុលាឆ្នាំមុន PTA បានបិទកម្មវិធី TikTok ដោយមូលហេតុមាតិកាអសីលធម៌, ប៉ុន្តែបន្ទាប់ពីរយៈពេល១០ថ្ងៃ បានផ្លាស់ប្តូរសេចក្តីសំរេចរបស់ខ្លួន ដោយនិយាយថា ម្ចាស់ក្រុមហ៊ុន, ByteDance មានមូលដ្ឋាននៅចិន, បានព្រមព្រៀងធ្វើឲ្យមានភាពប្រសើរឡើង នូវមាតិកានៅក្នុងប្រទេសប៉ាគីស្ថាន៕