(ដកម៉ាន់)៖ លោក Alf Inge ឪពុករបស់ Erling Braut Haaland រួមទាំងភ្នាក់ងារដោះដូរកីឡាករ លោក Raiola បានជួបពីភាក្សាជាមួយថ្នាក់ដឹកនាំក្លិប FC Barcelona និង Real Madrid នាពេលថ្មីៗនេះ ដើម្បីធ្វើផ្ទេរតារាជើងស៊ុតខាងលើនេះ មកលេងនៅទឹកដីអេស្ប៉ាញ។

កិច្ចពិភាក្សា៣ភាគីខាងលើនេះ ត្រូវបានធ្វើឡើងនៅក្នុងទីក្រុង Barcelona ដែលជាមូលដ្ឋានក្លិបអ្នកមានបុណ្យតែម្តង និងផ្តោតសំខាន់តែទៅលើអនាគតរបស់កីឡាករវ័យទើបតែ ២០ឆ្នាំប៉ុណ្ណោះ ដ្បិត Barcelona និង Real Madrid ចង់បានដូចគ្នា។

ខ្សែប្រយុទ្ធអន្តរជាតិន័រវេស Haaland ដែលមានកិច្ចសន្យាជាមួយក្លិបអាល្លឺម៉ង់ Borussia Dortmund រហូតដល់ឆ្នាំ២០២៤ នោះ នឹងមានតម្លៃខ្លួនលក់ចេញមិនក្រោមពី ១៥០លានអឺរ៉ូឡើយ នៅពេលដែលរូបគេរកបាន ២១គ្រាប់នៅ Bundesliga របស់រដូវកាលនេះ និងរកបាន ២០គ្រាប់មកហើយនៅ UEFA Champions League ពីការចូលលេងទើបតែ ១៤ប្រកួតប៉ុណ្ណោះ។

កិច្ចពិភាក្សាដ៏សំខាន់ខាងលើនេះមិនទាន់ត្រូវបានប្រកាសលទ្ធផលនោះទេ តែ Barcelona ត្រូវបានគេរាយការណ៍មកថា ពួកគេចង់បាន Super Star ១បន្ថែមទៀត បន្ថែមលើការបញ្ចុះបញ្ចូល Lionel Messi ឲ្យបន្តលេងនៅ La Liga មុនពេលកិច្ចសន្យាចាកចេញនៅបញ្ចប់រដូវកាលនេះ ស្របពេលក្លិបគូប្រជែង Real Madrid ចង់បានទាំង Haaland និង Kylian Mbappe ដើម្បីយកមកបំពេញតំបន់ប្រយុទ្ធសម្រាប់រដូវកាលក្រោយ៕