(អាមេរិក)៖ កម្មវិធី និងសេវាកម្មមួយចំនួនធំរបស់ក្រុមហ៊ុន Microsoft ត្រូវបានគាំង នៅប៉ុន្មានម៉ោងមុននេះ ដោយក្នុងនោះបណ្ដាលឲ្យប៉ះពាល់ដល់អ្នកប្រើប្រាស់ជុំវិញពិភពលោក ហើយនៅពេលនេះ ត្រូវបានអ្នកនាំពាក្យបញ្ជាក់ថា បញ្ហាបច្ចេកទេស។

យោងតាមការចេញផ្សាយរបស់សារព័ត៌មាន ZDNet នៅថ្ងៃទី ០២ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា សេវាកម្ម និងកម្មវិធីរបស់ក្រុមហ៊ុន Microsoft ដូចជា Azure Portal, Azure Services, Dynamics 365, Xbox Live និង Bing.com ត្រូវបានគាំងប្រហែលជា ៣ម៉ោងនៅមុននេះ។

អ្នកប្រើប្រាស់ជាច្រើនបានបង្ហោះសារនៅលើបណ្ដាញសង្គមនានា ដោយបានរាយការណ៍ពីការគាំងនេះ ខណៈដែលប៉ុន្មានម៉ោងក្រោយ អ្នកនាំពាក្យរបស់ Microsoft បានបញ្ជាក់ថា វាកើតឡើងដោយសារបញ្ហាបច្ចេកទេស។

ក្រុមអ្នកជំនាញបានរកឃើញថា បញ្ហានេះបានកើតឡើងដោយសារបញ្ហា DNS ប៉ុន្តែមិនបានបញ្ជាក់លម្អិតនោះទេ៕