(ភ្នំពេញ)៖ ឆ្លងកាត់ ២ប្រកួតមកហើយដែលខ្សែប្រយុទ្ធចំណូលថ្មីក្លិបព្រះខ័នរាជស្វាយរៀង Robert Lopez Mendy ស្ថិតក្នុងកៅអីបម្រុង មុនគ្រូបង្វឹក លោក Conor Nestor ដាក់ឲ្យលេងនៅពាក់កណ្ដាលវគ្គទី២។ ប៉ុន្ដែលោក Conor បញ្ជាក់ថា Mendy ត្រូវការពេលវេលាច្រើនទៀត ដើម្បីបង្កព្យុះភ្លៀងលើទីលាននៃលីគកំពូលកម្ពុជា ឆ្នាំ២០២១។

គ្រូបង្វឹកសញ្ជាតិអៀកឡង់ខាងលើបន្ដថា លោកពេញចិត្តចំពោះ Mendy ជាខ្លាំង ដ្បិតខ្សែប្រយុទ្ធសញ្ជាតិសេណេហ្គាល់រូបនេះ គឺជាកីឡាករអាជីព និងមានគុណភាពល្អ។ យ៉ាងណាមិញលោកស្នើឲ្យអ្នកគាំទ្រមានការអត់ធ្មត់ ចំពោះការបង្ហាញខ្លួនរបស់អតីតសមាជិកក្លិបជើងឯកលីគកំពូលហ្វីលីពីន United City FC ព្រោះ Mendy ត្រូវការពេលច្រើនទៀត ដើម្បីចុះសម្រុងជាមួយក្រុម បន្ទាប់ពីគេបញ្ចប់ការធ្វើចត្ដាឡីស័ក មុនការប្រកួតបើករដូវកាលថ្មី ១ថ្ងៃរបស់ស្វាយរៀងកាលពីពេលកន្លងទៅ។

លោក Conor និយាយថា «ខ្ញុំពិតជាសប្បាយចិត្តចំពោះ Mendy ព្រោះគេជាកីឡាករអាជីពដែលខ្ញុំបានឃើញ។ ពួកយើងដឹងថាគេល្អប៉ុណ្ណា ដែលយើងដឹង និងបានឃើញគេលេងក្នុង AFC Cup ប៉ុន្ដែខ្ញុំបានប្រាប់ទៅ Fan របស់យើងថា ឲ្យអត់ធ្មត់សិនពីព្រោះគាត់ទើបចេញពីចត្ដាឡីស័ក គាត់មិនបានលេង Pre-season គាត់នៅត្រូវការពេលច្រើនទៀត ដើម្បីឲ្យគាត់ចុះសម្រុងជាមួយក្រុម។ តែប្រសិនបើជាគាត់រកគ្រាប់បាល់បាន ក្នុងអំឡុងស្ថិតក្នុងពេលចុះសម្រុងជាមួយក្រុម គាត់ពិតជាអស្ចារ្យណាស់ ខ្ញុំពិតជាសប្បាយចិត្តចំពោះគាត់»

គួរដឹងថា ២ប្រកួតកន្លងមក Mendy បានបង្ហាញខ្លួន ៥៥នាទីលើទីលាន ដោយប្រកួតទី១ គេលេងបាន ២៥នាទី ក្នុងជ័យជម្នះ ៦-១ លើក្រុមអគ្គិសនីកម្ពុជា ដែលការបង្ហាញខ្លួនលើកដំបូងនេះ បន្ទាប់ពីគេបញ្ចប់ការធ្វើចត្ដាឡីស័ក ១ថ្ងៃ។ ចំណែកឯប្រកួតទី២ Mendy លេងបាន ៣០នាទី ក្នុងជ័យជម្នះ ៣-១ លើក្រុមខ្លាំងណាហ្គាវើលដ៏កាលពីចុងសប្ដាហ៍មុន ក្នុងនោះគេរកបាន ១គ្រាប់ផងដែរ៕