(ភ្នំពេញ)៖ លោក ម៉ម មិថុនា ជាគ្រូភ្លេងដ៏មានទឹកដៃមួយរូប របស់ផលិតកម្មហង្សមាស ដែលបានរកឃើញថា មានវិជ្ជមានជំងឺកូវីដ-១៩ ក្នុងលទ្ធផលធ្វើតេស្តលើកទី២នាពេលកន្លងទៅនោះ បានបញ្ជាក់ពីអាការៈរបស់ខ្លួននាពេលបច្ចុប្បន្ននេះ ពោលមិនទាន់ជាសះស្បើយឡើយ ប៉ុន្តែមានភាពប្រសើរឡើងច្រើនហើយ បន្ទាប់ពីទទួលការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ។
លោក ម៉ម មិថុនា បានថ្លែងប្រាប់ Fresh News Plus នៅព្រឹកថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ថា បច្ចុប្បន្ននេះ លោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី។ លោកថា លោកមិនទាន់បានជាសះស្បើយ ពីជំងឺកូវីដ-១៩ទេ ប៉ុន្តែបានធូរស្បើយច្រើន បន្ទាប់ពីក្រុមគ្រូពេទ្យបានតាមដាន និងពិនិត្យយ៉ាងយកចិត្តទុកដាក់ ទៅលើស្ថានភាពជំងឺកូវីដ-១៩ របស់លោក។
លោកគ្រូភ្លេង ម៉ម មិថុនា បានបញ្ជាក់ថា រយៈពេលនៃការព្យាបាលរបស់លោក រហូតមកទល់នឹងពេលនេះ គឺមានរយៈពេល១៥ថ្ងៃហើយ ហើយលោកសង្កេតឃើញថា មានការធូរស្បើយច្រើន មិនដូចពេលចូលមកព្យាបាលដំបូងឡើយ។
បន្ថែមពីការរៀបរាប់នូវអាការៈសុខភាពបច្ចុប្បន្នរបស់ខ្លួន លោក ម៉ម មិថុនា មិនភ្លេចនោះទេ នូវការថ្លែងអំណរគុណដល់ ចំពោះថ្នាក់ដឹកនាំប្រទេស ដែលបានយកចិត្តទុកដាក់ចំពោះប្រជាជនកម្ពុជា ក្នុងគ្រានៃជំងឺកូវីដ-១៩នេះ។ លោកក៏បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យ ដែលជាកងទ័ពជួរមុខ ក្នុងសមរភូមិប្រឆាំងកូវីដ-១៩ ផងដែរ ដែលបានយកចិត្តទុកដាក់ក្នុងការព្យាបាលរូបលោក។
គួរជម្រាបថា លោក ម៉ម មិថុនា បានរកឃើញថាមានវិជ្ជមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ ក្នុងលទ្ធផលធ្វើតេស្តសំណាកលើកទី២ ខណៈបច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ហៅពេទ្យរុស្សី៕