(កំពង់ស្ពឺ)៖ ធនាគារ ហត្ថា ដែលជាធនាគារពាណិជ្ជមានបណ្តាញការិយាល័យធំជាងគេលំដាប់ទី២ ក្នុងប្រទេសកម្ពុជា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ បានបរិច្ចាគ គ្រែពេទ្យចំនួន១០ ជូនដល់មន្ទីរពេទ្យបង្អែកឧដុង្គ ដើម្បីជួយសម្រួលដល់មន្ទីពេទ្យក្នុងការទទួលប្រជាពលរដ្ឋនៅក្នុងសហគមន៍ទាំងមូល ដែលបានមកសេវាថែទាំសុខភាព និងការថែទាំជំងឺ បានពេញលេញ ប្រកដោយផាសុកភាព ជាពិសេសស្របពេលដែរមន្ទីរពេទ្យ កំពុងតែត្រូវការគ្រែជាចាំបាច់សម្រាប់ត្រៀមថែទាំអ្នកជំងឺក្នុងកំឡុកពេល ដែលជំងឺកូវីដ១៩ កំពុងតែរីករាលដាលយ៉ាងខ្លាំងក្នុងប្រទេសកម្ពុជា។
ការឧបត្ថម្ភគ្រែពេទ្យនេះ មិនមែនជាសកម្មភាពការងារសង្គមលើកទីមួយរបស់ធនាគារ ហត្ថានោះទេ ដោយកន្លងមក ធនាគារ បានផ្តួចផ្តើមនិងចូលរួមការងារសង្គមផ្សេងៗ ទៀតយ៉ាងសកម្មបំផុត និងបានឧបត្ថម្ភគ្រែពេទ្យជាច្រើនដល់មន្ទីរពេទ្យបង្អែកនៅតាមទីជនបទ ដើម្បីឱ្យមន្ទីរពេទ្យមានគ្រែគ្រប់គ្រាន់សម្រាប់អ្នកជំងឺសំរាកព្យាបាល និងប្រាកដថា ប្រជាពលរដ្ឋនឹងទទួលបានសេវាថែទាំសុខភាពបានយ៉ាងល្អពីសំណាក់លោកគ្រូអ្នកគ្រូពេទ្យ។
ទន្ទឹមនឹងនេះផងដែរ គណៈគ្រប់គ្រង ព្រមទាំងបុគ្គលិកទាំងអស់នៃធនាគារ ហត្ថា តែងតែផ្តោតសំខាន់ និងចូលរួមយ៉ាងសស្រាក់សស្រាំក្នុងការលើកកម្ពស់សុខុមាលភាព ប្រជាពលរដ្ឋតាមសហគមន៍ឱ្យទទួលបានសេវាថែទាំសុខភាពស្មើៗគ្នា និងប្រកបដោយគុណភាពខ្ពស់។ ការឧបត្ថម្ភមួយនេះមិនត្រឹមតែជួយលើកកម្ពស់សុខុមាលភាព តែមួយមុខនោះទេ តែនេះគឺជាទង្វើដ៏ល្អប្រពៃមួយដែរបញ្ជាក់ពីការជួយគ្នាក្នុងគ្រាខ្វះខាត ជាពិសេសជាការឆ្លើយតប ខណៈពេលដែលប្រទេសជាតិកំពុងតែជួបទុក្ខ លំបាកដោយសារជំងឺកូវីដ១៩។
គួររំលឹកផងដែរថា ធនាគារ ហត្ថា បានក្លាយខ្លួនជាផ្លូវការទៅជាធនាគារពាណិជ្ជពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថា កសិករ លីមីតធីត នៅខែសីហា ឆ្នាំ២០២០ បន្ទាប់ពីបាន ផ្តល់សេវាហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជាជាង ២៦ឆ្នាំ។ គិតត្រឹមខែមីនា ឆ្នាំ២០២១ ធនាគារ ហត្ថា មានការិយាល័យសាខាសរុបចំនួន ១៧៧ ម៉ាស៊ីនអេធីអឹមចំនួន ១៣៧ សមតុល្យប្រាក់បញ្ញើសន្សំសរុប ៨២២លានដុល្លារអាមេរិក និងផលប័ត្រឥណទានសម្រេចបាន ១,៤១២លានដុល្លារអាមេរិក។
នាពេលបច្ចុប្បន្ននេះ ធនាគារ ហត្ថា ផ្តល់សេវាកម្មហិរញ្ញវត្ថុយ៉ាងច្រើនសម្បូរបែបដល់អតិថិជនដូចជា៖ សេវាឥណទាន សេវាប្រាក់បញ្ញើសន្សំ សេវាផ្ទេរប្រាក់ក្នុងស្រុក សេវាផ្ទេរប្រាក់ ឆ្លង ធនាគារ ក្នុង ស្រុក សេវាអេធីអឹម សេវាធនាគារចល័ត សេវាបើកប្រាក់បៀវត្ស ព្រមទាំងជាភ្នាក់ងារណែនាំលក់សេវាធានារ៉ាប់រង។
ធនាគារ ហត្ថា គឺជាបុត្រសម្ព័ន្ធរបស់ធនាគារក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅព្រះរាជាណាចក្រថៃឡង់ដ៏និងជាសមាជិករបស់សម្ព័ន្ធ ហិរញ្ញវត្ថុ អន្តរជាតិ Mitsubishi UFJ Financial Group (MUFG) ដែលជាសម្ព័ន្ធហិរញ្ញវត្ថុធំជាងគេបំផុតនៅប្រទេសជប៉ុន ព្រមទាំងជាសម្ព័ន្ធសេវាហិរញ្ញវត្ថុដ៏ធំមួយ ក្នុងចំណោម សម្ព័ន្ធហិរញ្ញវត្ថុធំជាងគេលើសកលលោក៕