(ភ្នំពេញ)៖ សម័យនេះជាសម័យទំនើប ប្រជាជនភាគច្រើនមានទូរស័ព្ទកាន់ស្ទើរតែគ្រប់ដៃ ដូចនេះងាយស្រួលណាស់ នឹងទទួលព័ត៌មានថ្មីៗ មានទាំងរឿងល្អ នឹងរឿងមិនល្អមួយចំនួន ដូចជារឿងគេឈ្លោះជេរហែកហួគ្នា ឬរឿងគ្រួសារជាដើម។ ដូចជាព្រឹកមិញនេះ ផលិតកម្ម Galaxy Navatra ក៏បានបញ្ចេញចម្រៀងមួយបទ បកស្រាយដោយកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលមានចំណងជើងថា «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង» ហាក់មានអត្ថន័យសំដៅលើរឿងរ៉ាវដែលកើតឡើង នាបច្ចុប្បន្ននេះ និងបានបង្កប់អត្ថន័យ ផ្ដល់ការអប់រំដល់បងប្អូនយើងមួយចំនួន កុំចូលចិត្តដឹងរឿងគ្រួសារគេ និងជឿតាមការបង្ហោះហែកហួរលើបណ្ដាញសង្គមខ្លាំងពេក។

ពាក់ព័ន្ធនឹងចម្រៀង «ចង្កៀងផ្ទះអ្នកណា ភ្លឺផ្ទះអ្នកហ្នឹង» លោក យឹម តាស្រង់ ដែលជាអ្នកនិពន្ធបទនេះផ្ទាល់ បាននិយាយយ៉ាងដូច្នេះថា «បទនេះខ្ញុំនិពន្ធផ្ញើជូនអ្នក ដែលចូលចិត្តចេះដឹងរឿងគេ ជាពិសេសយកពេលមើលជីវិតខ្លួនឯង ជាជាងមើលជីវិតគេ។ តាមពិតនិពន្ធឡើង គ្រាន់តែជាសារដាស់រំលឹកបងប្អូនមួយចំនួនធំ កុំឲ្យភ្លេចខ្លួនចំពោះការចំណាយពេលមើលរឿងគេ»។ នេះជាសំដីរបស់ លោក យឹម តាស្រង់ ដែលបានសរសេរក្នុង Comment ឆ្លើយតបទៅនឹងអ្នកគាំទ្រចម្រៀងនេះ ក្នុងបណ្តាញសង្គម។

ចម្រៀងមួយបទនេះ គ្រាន់តែបញ្ចេញក្នុងបណ្តាញយូធូបផ្លូវការរបស់ផលិតកម្ម Galaxy Navatra គឺមានទស្សនិកជនមិនតិចនោះទេ ទម្លាក់ Comment របស់ខ្លួនជាបន្តបន្ទាប់ ដោយលើកថា ខ្លឹមសារក្នុងចម្រៀងនេះអប់រំយ៉ាងល្អ រួមជាមួយទឹកដមសំនៀងដ៏ពីរោះរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ ផងនោះ រឹតតែធ្វើឲ្យចម្រៀងនេះមានការចូលចិត្តស្តាប់។

ចង់ជ្រាបច្បាស់ថា បទនេះមានអត្ថន័យ និងពីរោះចាក់ដោតយ៉ាងណា សូមចូលទស្សនាទាំងអស់គ្នា៖