(ភ្នំពេញ)៖ ត្រឹម៣ខែដំបូង ឆ្នាំ២០២១ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ជាង១ម៉ឺនកេស ដល់ស្ថាប័ននានា ដែលកំពុងបំពេញបេសកកម្មពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។

ការបរិច្ចាគនេះធ្វើឡើងតាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» ដែលគ្រោងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា ឲ្យអស់ចំនួន៣ម៉ឺនកេស ក្នុងឆ្នាំ២០២១នេះ។

នាយិកាផ្នែកទីផ្សារក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស លោកស្រី គង់ កុសល មានប្រសាសន៍ថា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស យល់ច្បាស់ពីទុក្ខលំបាករបស់ពលរដ្ឋកម្ពុជា ភាពនឿយហត់របស់មន្ត្រីនគរបាល និងគ្រូពេទ្យ ក្នុងស្ថានភាពដ៏លំបាកនៃការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩។ ដូច្នេះហើយ ក្រុមហ៊ុនសូមចូលរួមចែករំលែកនូវទឹកចិត្ត ក្នុងនាមជាក្រុមហ៊ុនដែលបង្កើតដោយកូនខ្មែរ។

លោកស្រីឲ្យដឹងបន្ថែមថា ថ្មីៗនេះ ក្រុមហ៊ុនក៏បានប្ដូរផ្ទាំងប៉ាណូជាច្រើនកន្លែងទូទាំងប្រទេស និងការផ្សព្វផ្សាយតាមប្រព័ន្ធឌីជីថលអំពីការផ្សព្វផ្សាយពាណិជ្ជកម្ម ទៅជាសារអប់រំ វិធានការ «៣ការពារ ៣កុំ» ដោយចំណាយថវិកាជាង១៥ម៉ឺនដុល្លារអាមេរិក ដើម្បីចូលរួមផ្ញើសារអប់រំស្ដីពីវិធានការបង្ការការឆ្លងវីរុសកូវីដ-១៩។

លោកស្រី គង់ កុសល បញ្ជាក់ថា ក្រុមហ៊ុននឹងបរិច្ចាគទឹកបរិសុទ្ធ កម្ពុជា យ៉ាងច្រើនសន្ធឹកសន្ធាប់បន្តទៀត ដើម្បីសម្រាលការលំបាករបស់ប្រជាពលរដ្ឋ។

លោកស្រី ក៏សំណូមពរដល់ប្រជាពលរដ្ឋមេត្តាគោរពវិធានការសុខាភិបាល និងត្រូវចេះជួយគ្នាក្នុងគ្រាលំបាក ទោះតិចក្ដី ច្រើនក្តី។

ក្រុមហ៊ុន ជីប ម៉ុង ដែលជាក្រុមហ៊ុនបង្កើតក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក៏បានបរិច្ចាគថវិកា ៨លាន ៦សែនដុលា្លរអាមេរិក ជូនដល់រដ្ឋាភិបាលសម្រាប់យុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូវីដ-១៩នេះដែរ។

ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនផលិតស្រាបៀរ កម្ពុជា ស្រាបៀរ គូដូ ភេសជ្ជៈប៉ូវកម្លាំងវើក ទឹកក្រូចអាយស៍ និងទឹកបរិសុទ្ធ កម្ពុជា ដែលសុទ្ធតែជាផលិតផលមានការគាំទ្រខ្លាំងនៅក្នុងទីផ្សារ៕