(សេអ៊ូល)៖ ក្រុមហ៊ុនបច្ចេកវិទ្យា និងអេឡិចត្រូនិករបស់កូរ៉េខាងត្បូង LG Electronics ត្រូវបានគេរាយការណ៍មកថា បានសម្រេចចិត្តបិទអាជីវកម្មទូរស័ព្ទចល័ត បន្ទាប់ពីខាតបង់ប្រាក់រយៈពេល ៦ឆ្នាំចុងក្រោយ។ នេះបើយោងតាមការ ចេញផ្សាយរបស់សារព័ត៌មាន Korea Times នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

សារព័ត៌មាន Korea Times បានចេញផ្សាយថា ក្រុមហ៊ុន LG បានបញ្ជាក់ជាផ្លូវការថា អាជីវកម្មទូរស័ព្ទចល័ត ឬហៅថា LG Mobile នឹងត្រូវបិទនៅប៉ុន្មានសប្ដាហ៍បន្ទាប់នេះ ដោយក្នុងនោះក្រុមហ៊ុនបានសម្រេចចិត្តដើរចេញពី ផ្សាយស្មាតហ្វូន ដែលពោរពេញដោយការប្រកួតប្រជែង។

ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន LG នឹងធ្វើសេចក្ដីប្រកាសជាផ្លូវការនៅថ្ងៃទី០៥ ខែមេសាខាងមុខនេះ បន្ទាប់ ពីកិច្ចប្រជុំក្រុមប្រឹក្សាត្រូវបានបញ្ចប់ និងសម្រេច ខណៈដែលបុគ្គលិកដែលបម្រើការងារនៅក្នុង LG Mobile នឹងត្រូវ ប្ដូរទៅធ្វើការនៅក្នុង អាជីវកម្មមួយផ្សេងទៀតរបស់ LG ដែលពាក់ព័ន្ធនឹងឧបករណ៍ប្រើប្រាស់ក្នុងផ្ទះ។

គួរបញ្ជាក់ផងដែរថា កាលពីសប្ដាហ៍មុននេះ មានសេចក្ដីរាយការណ៍មួយមកថា ក្រុមហ៊ុន LG គ្រោងនឹងលក់អាជីវកម្មទូរស័ព្ទចល័ត ប៉ុន្តែ សេចក្ដីរាយការណ៍នោះពុំបានបញ្ជាក់ពីព័ត៌មានលម្អិតឡើយ៕