(ភ្នំពេញ)៖ បន្ទាប់ពីសម្រាកព្យាបាលជំងឺកូវីដ-១៩ អស់រយៈពេល២៥ថ្ងៃ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ក្រុមគ្រូពេទ្យ នៅពេលនេះ តារាចម្រៀងរបស់ផលិតកម្មហង្សមាស លោក ណុប បាយ៉ារិទ្ធ បានប្រកាសតាមហ្វេសប៊ុករបស់ខ្លួនថា ជាសះស្បើយពីជំងឺកូវីដ-១៩ ហើយ។

លោក ណុប បាយ៉ារិទ្ធ បានសរសេរសារទៅកាន់មហាជនយ៉ាងដូច្នេះថា «២៥ថ្ងៃគត់នៃការសម្រាកព្យាបាលរបស់ខ្ញុំ ខ្ញុំសូមសំពះអរគុណ ចំពោះការយកចិត្តទុកដាក់ព្យាបាលដល់រូបខ្ញុំ ក៏ដូចជាអ្នកជម្ងឺទាំងអស់ដែលសម្រាកព្យាបាលនៅសណ្ឋាគារThe Great Duke Hotel។ ថ្ងៃនេះខ្ញុំទទួលបានដំណឹងល្អ គឺលទ្ធផលអវិជ្ជមាន២ដង លោកគ្រូពេទ្យបានអនុញ្ញាតឲ្យចេញទៅធ្វើចត្តាឡីស័កបន្តរនៅផ្ទះ១៤ថ្ងៃបន្ថែម។ ខ្ញុំបានទៅផ្ទះហើយ ខ្ញុំសូមថ្លែងអំណរគុណអស់ពីចិត្ត ចំពោះក្រុមលោកគ្រូពេទ្យស្ម័គ្រចិត្តក៏ដូចជាលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ ដែលអញ្ជើញមកពីមន្ទីរពេទ្យមន្ទីរសុខាភិបាល និងមណ្ឌលសុខភាព»

គ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA)
- គ្រូពេទ្យមន្ទីរពេទ្យកម្ពុជាចិន ព្រះកុសៈមៈ ហៅពេទ្យព្រះសង្ឃ
- គ្រូពេទ្យមកពីមណ្ឌលជាតិ កំចាត់ជំងឺរបេង និង ហង់សិន
- គ្រូពេទ្យមកពីមន្ទីរពេទ្យកុមារជាតិ
- គ្រូពេទ្យមកពីមណ្ឌលសុខភាពកោះដាច់
- គ្រូពេទ្យមកពីមន្ទីរសុខាភិបាលភ្នំពេញ
- គ្រូពេទ្យមកពីមណ្ឌលសុខភាពភ្នំពេញថ្មី
- គ្រូពេទ្យមកពីមណ្ឌលសុខភាព មិត្តភាពកម្ពុជាចិនសែនសុខ
- គ្រូពេទ្យមកពីមណ្ឌលសុខភាពក្រាំងធ្នង់ និងបុគ្គិលស្ម័គ្រចិត្តទាំងអស់ ក៏ដូចជាផ្នែកអនាម័យ បើកបរ និងចែកម្ហូបអាហារតាមបន្ទប់ដែលមានវត្តមាន និងបំពេញបេសកកម្មដ៏សស្រាក់សស្រាំនៅទីនេះ។

តារាចម្រៀងសំឡេងផ្អែម ណុប បាយ៉ារិទ្ធ បានបន្តថា «ម៉ោងនេះ ពេលនេះខ្ញុំមានអារម្មណ៍ថាខ្លួនឯងដូចកើតម្តងទៀត ហើយសូមអរគុណ និងចងចាំនៅគុណូប្បការៈរបស់លោកគ្រូអ្នកគ្រូជាប់ក្នុងចិត្តជានិច្ច។ សូមទទួលយកនូវការគោរពពីខ្ញុំបើទោះជាខ្ញុំមិនមានឱកាសបានសំពះអរគុណដោយផ្ទាល់ សូមលោកគ្រូពេទ្យ អ្នកគ្រូពេទ្យទាំងអស់ មានសុខភាពមាំមួន កម្លាំងខ្លាំងក្លា មានសេចក្តីសុខ និងបន្តជួយស្រោចស្រង់និងផ្តល់ក្តីសង្ឃឹមដល់អ្នកជំងឺផ្សេងទៀត ដែលកំពុងព្យាបាលសូមជូនពរបងប្អូនអ្នកជម្ងឺទាំងអស់នៅ The Great Duke Hotel ឆាប់ជាសះស្បើយត្រឡប់ទៅជួបជុំគ្រួសារវិញ ពិសេសជៀសផុតពីហានិភ័យនានា។ សូមអរគុណ»

គួរជម្រាបថា តារាចម្រៀងប្រុសប្រចាំផលិតកម្មរស្មីហង្សមាស លោក ណុប បាយ៉ារិទ្ធ ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ ខណៈនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ គឺលោកបានប្រកាសថា ខ្លួនបានជាសះស្បើយពីជំងឺក៏កាចសាហាវនេះហើយ ដោយបន្តធ្វើចត្តាឡីស័ក១៤ថ្ងៃទៀត នៅគេហដ្ឋានផ្ទាល់របស់លោក៕