(ភ្នំពេញ)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានលេចឮនូវព័ត៌មានទាក់ទងនឹងវត្តមានរបស់ក្រុមហ៊ុន ផលិតរថយន្ត អគ្គិសនីរបស់អាមេរិក Tesla គ្រោងនឹងបើកការិយាល័យ នៅរាជធានីភ្នំពេញ រហូតដល់មានការចែកចាយនូវរូបភាពទីតាំង ក្រុមហ៊ុនថែមទៀតផង។

Facebook Page មួយដែលមានឈ្មោះថា «Tesla Cambodia» បានបង្ហោះនូវភាពអគារមួយដែល មាននិមិត្តសញ្ញារបស់ក្រុមហ៊ុន Tesla ដោយទីតាំង គឺនៅលើមហាវិថីសហព័ន្ធរុស្ស៊ី និងមានការជជែកវែកញែកគ្នាជាច្រើន នៅលើបណ្ដាញសង្គម Facebook ដោយមានអ្នកខ្លះបានអះអាងថា Tesla នឹងបើកការិយាល័យរបស់ខ្លួន នៅក្នុងចុងខែមេសាខាងមុខនេះ។

ពាក់ព័ន្ធនឹងព័ត៌មានអង្គភាពព័ត៌មាន Fresh News បានទាក់ទងទៅកាន់លោក ស៊ាង ថៃ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ដើម្បីសូមការបញ្ជាក់អំពីព័ត៌មានលម្អិត ដោយនៅថ្ងៃទី០២ ខែមេស ឆ្នាំ២០២១នេះ លោកបានបញ្ជាក់ថា ក្រុមហ៊ុន Tesla ពិតជាបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាមែន ដោយទី១ ក្រុមហ៊ុន Tesla Industries Co.,Ltd និងក្រុមហ៊ុន Tesla Engineering and Construction Co.,Ltd។ ដោយឡែក «Tesla Cambodia» លោកមិនទាន់ដឹងព័ត៌មាននេះនៅឡើយទេ។