(ភ្នំពេញ)៖ តារាចម្រៀងប្រុសលោក កា បញ្ញា សិទ្ធ បានបញ្ជាក់ឲ្យដឹងថា លោកបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ ប៉ុន្តែនៅបន្តធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនេះ គេហដ្ឋានផ្ទាល់ខ្លួនបន្តទៀត។

លោក បញ្ញា សិទ្ធ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះ រូបលោកត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឲ្យចេញពីកន្លែងព្យាបាលហើយ ពោលគឺលោកបានជាសះស្បើយពីជំងឺដ៏កាចសាហាវកូវីដ-១៩ហើយ។ ទោះជាបែបនេះក្តី លោកត្រូវធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃនៅផ្ទះបន្តទៀត។

តារាចម្រៀង ក៏បានថ្លែងអំណរគុណផងដែរ ដល់លោកគ្រូពេទ្យ អ្នកគ្រូពេទ្យ ដែលបានលះបង់កំលាំងកាយកំលាំងចិត្ត ដោយមិនខ្លាចនឿយហត់ ក្នុងការព្យាបាលរូបលោក ក៏ដូចជាអ្នកជំងឺកូវីដ-១៩ ផ្សេងទៀតរហូតដល់បានជាសះស្បើយ បានត្រឡប់ទៅផ្ទះវិញ។

គួរជម្រាបថា តារាចម្រៀងប្រុសឯករាជ្យ លោកបញ្ញា សិទ្ធ ត្រូវបានធ្វើតេស្តរកឃើញថាមានជំងឺកូវីដ-១៩ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២១ និងត្រូវបានបញ្ចូនទៅសម្រាកព្យាបាលនៅសណ្ឋារគារ Great Duke។ ក្រោយទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ នៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១ នេះលោកបានជាសះស្បើយពីជំងឺកូវីដ-១៩ហើយ៕