(មេនឆេស្ទើ)៖ លោក Pep Guardiola អ្នកចាត់ការទូទៅ Manchester City បានថ្លែងថា ក្លិបទំនងជាមិនទិញកីឡាករខ្សែប្រយុទ្ធថែម ដើម្បីជំនួសកន្លែង Sergio Aguero ដែលនឹងចាកចេញនាបំណាច់រដូវកាលនោះទេ។

អ្នកចាត់ការសញ្ជាតិអេស្ប៉ាញខាងលើបានបញ្ជាក់ដែលត្រូវបានដកស្រង់ចេញផ្សាយដោយ BBC ថា «តទៅមុខទៀត ខ្ញុំមិនប្រាកដថាមានរឿងអ្វីកើតឡើងទេ។ Erling Braut Haaland និង Harry Kane ស្ថិតក្នុងគម្រោងនាំចូលរបស់ពួកយើង តែបញ្ហាតម្លៃវិញ មិនអាចទៅរួចទេ»។

កីឡាករអន្តរជាតិអាហ្សង់ទីន Sergio Aguero នឹងចាកចេញពីទឹកដី Etihad នៅបំណាច់រដូវកាលនេះ ក្រោយរួមរស់ចាប់តាំងពីឆ្នាំ២០១១ មក ដែលជាកីឡាករចាស់វស្សាទី៣ ចាកចេញពីក្លិប Man City បន្ទាប់ពីប្រធានក្រុម Vincent Kompany និង David Silva។

Aguero ជាអ្នករកបានគ្រាប់បាល់ច្រើនជាងគេក្នុងក្លិបមានដល់ទៅ ២៥៧គ្រាប់ពីការចូលលេងបាន ៣៨៤ប្រកួត ក្រោយចាកចេញពីក្លិបអេស្ប៉ាញ Atletico Madrid មកកាលឆ្នាំ២០១១៕