(លីស្បោន)៖ ស្លាកប្រធានក្រុម (Captain’s armband) ដែលកីឡាករប្រធានក្រុម Cristiano Ronaldo ក្រវែងចោលក្នុងទីលានថ្ងៃមុន ត្រូវបានដាក់ដេញថ្លៃបានជាង ៥០,០០០ផោន ស្មើនឹង ៦៩,៣៥០ដុល្លារ ដើម្បីឧបត្ថម្ភដល់មូលនិធិក្នុងាករព្យាបាលទារកស៊ែប៊ីម្នាក់ដែលមានអាយុទើបតែ ៦ខែ។

អ្នកពន្លត់អគ្គិភ័យ Djordje Vukicevic បានរើសស្លាកប្រធានក្រុមនៅក្នុងទីលានក្រោយចប់ការប្រកួតដែលក្រុមជម្រើសជាតិព័រទុយហ្គាល់បានបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ទល់នឹងម្ចាស់ផ្ទះស៊ែប៊ីនៃវគ្គជម្រុះលើកទី២ ប្រចាំទ្វីបអឺរ៉ុបក្នុងការប្រជែងកៅអីទៅលេង World Cup 2022 នៅប្រទេសកាតាឆ្នាំក្រោយ។

ក្នុងប្រកួតនោះដែរ ខ្សែប្រយុទ្ធមកពីក្លិបសេះបង្កង់ Juventus, Cristiano Ronaldo ក៏រកបាន ១គ្រាប់នៅនាទី៩០+៣ ចុងម៉ោង តែត្រូវបានអាជ្ញាកណ្តាលបដិសេធ ថែមទាំងផ្តល់កាតលឿងដល់រូបគេទៀតផង ដែលធ្វើឲ្យ Ronaldo ខឹងសម្បារយ៉ាងខ្លាំង និងដោះស្លាកប្រធានក្រុមបោះចោលក្នុងទីលាន និងដើរចេញតែម្តង ក្នុងការប្រកួតដែលពុំមានបំពាក់ Goal Line Technology និង VAR នោះ។

បុរសរើសបាន Captain’s armband នោះដែរ ក៏សម្រេចដាក់ដេញថ្លៃ ដើម្បីយកលុយធ្វើការព្យាបាលកុមារ Gavrilo Djurdjevi របស់ស៊ែប៊ីដែលកំពុងមានជំងឺសាច់ដុំក្នុងឆ្អឹងខ្នង (Spinal muscular atrophy)៕