(អាមេរិក)៖ ក្រុមហ៊ុន ផលិតរថយន្តអគ្គិសនីធំជាងគេនាពេលបច្ចុប្បន្ន Tesla បានប្រកាសឲ្យដឹងថា នៅត្រីមាសទី១ ឆ្នាំ២០២១នេះ តួលេខនៃការលក់រថយន្តបានច្រើនជាងរថយន្តដែលបានផលិត។ នេះបើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន Tesla តាមរយៈគេហទំព័រនៅថ្ងៃទី០២ ខែមេសា ឆ្នាំ២០២១។

នៅក្នុងសេចក្តីប្រកាសបានបញ្ជាក់ឲ្យដឹងថា នៅក្នុងត្រីមាសទី ឆ្នាំ២០២១ ខ្លួនផលិតរថយន្តបានប្រមាណ ១៨០០០០គ្រឿងប៉ុណ្ណោះ ប៉ុន្តែនៅក្នុងត្រីមាសដូចគ្នានេះ ខ្លួនលក់រថយន្តបានជិត ១៨៥០០០គ្រឿង ដូច្នេះមានន័យថា ការលក់នៅត្រីមាសដើមឆ្នាំ២០២១ បានកើនឡើងលើសពីការផលិត។

ជាមួយគ្នានោះផងដែរ ក្រុមហ៊ុន Tesla បានបញ្ជាក់ថា រថយន្ត Model Y ត្រូវបានលក់ដាច់ច្រើនជាងគេបំផុតនៅក្នុងប្រទេសចិន ខណៈដែល Model X និង S មានអត្រានៃការលក់តិចតួច។

កាលពីដើមឆ្នាំនេះផងដែរ ក្រុមហ៊ុន Tesla បានប្រកាសថាខ្លួននឹងធ្វើការរចនាម៉ូដរថយន្ត Model X និង S ឡើងវិញ ដោយកែតម្រូវលើកន្លែងមួយចំនួន និងបន្ថែមនូវភាពទាក់ទាញជាងមុន។

គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២០ លោក Elon Musk បានកំណត់ផែនការលក់រថយន្តឲ្យបាន ៥០០០០០គ្រឿង ប៉ុន្តែការលក់ជាក់ស្តែង មិនគ្រប់តាមផែនការឡើង តែចំនួននៃការលក់គឺជិតឈានដល់គោលដៅ៕