(ភ្នំពេញ)៖ កីឡាករខ្មែរ-បារាំង វ៉ា សុខថន ត្រូវបានក្លិបណាហ្គាវើលដ៏ប្រកាសអំពីការចាកចេញទាំងតក់ក្រហល់ ដោយរូបគេបានត្រឡប់ទៅប្រទេសកំណើតវិញភ្លាមៗ ដោយសារហេតុផលផ្ទាល់ខ្លួន ស្រពេលលីគកំពូលកម្ពុជា រដូវកាលថ្មី ក្រុមរហស្សនាមនាគមាសនេះ ទើបប្រកួតបាន ២សប្តាហ៍ប៉ុណ្ណោះ។
អតីតក្រុមជើងឯកលីគ ៣សម័យកនេះបានបញ្ជាក់លើបណ្ដាញសង្គមរបស់ខ្លួន កាលពីយប់មិញថា «យើងពិតជាមានការសោកស្ដាយអំពីការចាកចេញរបស់ សុខថន ដោយសារមូលហេតុផ្ទាល់ខ្លួន ដែលតម្រូវឲ្យរូបគេ ត្រូវត្រឡប់ទៅប្រទេសបារាំងវិញភ្លាមៗ។ សូមជូនពរដល់ សុខថន ឲ្យការធ្វើដំណើរទៅប្រទេសបារាំងវិញប្រកបដោយសុវត្ថិភាព»។
គួរដឹងថា វ៉ា សុខថន ឬ វ៉ា ខ្វីនទីន គឺជាកូនខ្មែរកើតនៅបារាំង នៅតំបន់ Le Creusot ដែលមានឪពុកម្ដាយជាអ្នកខេត្តក្រចេះ និងខេត្តព្រៃវែង។ សុខថន ធ្លាប់លេងឲ្យក្រុមយុវជន និងក្លិបជាច្រើន នៅបារាំង មុនធ្វើដំណើរមកប្រកបអាជីពលើទឹកដីកំណើតឪពុកម្ដាយរបស់ខ្លួន ដោយផ្ដើមពីក្លិបភ្នំពេញក្រោនកាលពីឆ្នាំ២០១៤ មុនអតីតម្ចាស់ស្បែកជើងមាសពានសម្ដេចតេជោ ហ៊ុន សែន លើកទី១៣ ផ្ទេរមកលេងឲ្យក្លិបណាហ្គាកាលពីឆ្នាំ២០២០។
ប៉ុន្ដែអ្វីដែលគួរភ្ញាក់ផ្អើល ក្នុងរដូវកាលថ្មីនេះ គឺកីឡាករវ័យ ៣៣ឆ្នាំខាងលើបានសម្រេចចិត្តចាកចេញពីណាហ្គាទាំងតក់ក្រហល់ ដ្បិតរូបគេទើបជួយក្រុមបាន ២ប្រកួតប៉ុណ្ណោះ ដោយប្រកួតទី១ បានជួយក្រុមយកឈ្នះក្រុមការពារតំណែងជើងឯកបឹងកេត ១-០ និងប្រកួតទី២ ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៣-១ កាលពីថ្មីៗកន្លងទៅ៕