(ភ្នំពេញ)៖ កីឡដ្ឋានធំ ឬ Main Stadium នៃពហុកីឡដ្ឋានជាតិមរតកតេជោ មកទល់ពេលនេះបានសម្រេចការសាងសង់ ៩៥% ហើយ ខណៈផ្នែកទីលានបាល់ទាត់វិញ ក៏មានស្មៅដុះខៀវស្រងាត់ហើយដែរ ដោយមានស្មៅធម្មជាតិចំនួន ៥ប្រភេទ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាបាល់ទាត់អន្ដរជាតិ(FIFA) កំពុងបង្ហាញរិទ្ធិលើទីលានតែមួយ ប៉ុន្ដែមានស្មៅតែ ១ប្រភេទប៉ុណ្ណោះ ដែលដុះលូតលាស់ល្អជាងគេ ស្របតាមបរិយាកាសនៅកម្ពុជា។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបញ្ជាក់ថា ទោះបីស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជាបច្ចុប្បន្ន កំពុងមានការរីករាលដាលខ្លាំងក្នុងសហគមន៍ក៏ពិតមែន ប៉ុន្ដែយន្ដការរដ្ឋបាល យន្ដការបច្ចេកទេស ក៏ដូចជាការតាមដាននូវវឌ្ឍនាការងារផ្សេងៗ ទាំងការហ្វឹកហាត់ និងហេដ្ឋារចនាសម្ព័ន្ធនៃផែនការឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នៅតែដំណើរការជាប្រក្រតី។

ជាក់ស្ដែងដំណើរការសាងសង់កីឡដ្ឋានធំខាងលើ នៅតែប្រព្រឹត្តទៅដោយរលូន ដែលមកទល់ពេលនេះ ការសាងសង់ និងការតុបតែងទាំងអស់ គឺសម្រេចបាន ៩៥% ហើយ។ ចំពោះផ្នែកទីលាន ភាគីចិនបានជ្រើសរើសយកស្មៅល្បីៗ និងល្អៗចំនួន ៥ប្រភេទ ដែលទទួលស្គាល់ដោយ FIFA មកធ្វើការពិសោធឲ្យស្របតាមបរិយាកាសនៅកម្ពុជា ហើយក្រុមការងារជំនាញក៏បានជ្រើសរើសស្មៅល្បី ១ប្រភេទដែលត្រូវនឹងអាកាសធាតុនៅកម្ពុជាហើយដែរ។

លោក វ៉ាត់ ចំរើន បន្ដថា «ក្នុងចំណោមស្មៅ ៥ប្រភេទហ្នឹង យើងឃើញថា ដុះល្អតែ ១ប្រភេទទេស្របទៅនឹងបរិយាកាសរបស់កម្ពុជាយើង ទាំងកម្ដៅ សំណើម និងសីតុណ្ហភាព ហើយយើងឃើញហើយកីឡដ្ឋានធំយើង មានបើកដំបូល ចឹងស្មៅយើងអាចស្រូបបានពន្លឺកាំរស្មីព្រះអាទិត្យគ្រប់គ្រាន់ដើម្បីដុះលូតលាស់បានល្អ។ ចឹងក្នុងចំណោមស្មៅ ៥ប្រភេទ យើងបានពិនិត្យរួចហើយ គឺល្អមែនទែន មានភាពរស់រវើក ដែលអាចជួយបានច្រើនសម្រាប់ប្រភេទកីឡាបាល់ទាត់»

ក្រៅពីការងារស្មៅលើទីលាន ក្រឡេកទៅចាប់អារម្មណ៍ការបំពាក់កៅអីវិញ មកទល់ពេលនេះ ក៏ដំឡើងកៅអីបានច្រើនផងដែរ។ តាមការបញ្ជាក់របស់អគ្គលេខាធិការ CAMSOC ដដែលបានបញ្ជាក់ថា ការបំពាក់កៅអីនៅកីឡដ្ឋានធំ ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋប្រជាមានិតចិននេះ បច្ចុប្បន្នគឺបំពាក់បានជាង ២២,០០០កៅអីហើយ ក្នុងចំណោមកៅអីសរុប ៦ម៉ឺនកៅអី គ្រាដែលតាមគម្រោងការបំពាក់កៅអីនេះ នឹងបញ្ចប់សព្វគ្រប់នៅអំឡុងដើមខែឧសភា ឆ្នាំ២០២១ ខាងមុខ។

រដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែលបន្ថែមថា ជារួមការសាងសង់កីឡដ្ឋានធំនេះ នឹងបញ្ចប់តាមផែនការ នាអំឡុងខែឧសភាខាងមុខ ដ្បិតហេរដ្ឋារចនាម្ព័ន្ធខាងក្នុង និងខាងក្រៅមួយចំនួនទៀត បានកំពុងដំណើរការសាងសង់ និងត្រៀមសាងសង់ ដូចជាការក្រាលពីសរត់(ផ្លូវរត់) សម្រាប់កីឡាអត្តពលកម្ម ការធ្វើអាងទឹកព័ទ្ធជុំវិញកីឡដ្ឋាន ដើម្បីផ្ដល់នូវភាពត្រជាក់ ការតុបតែងសណ្ឋាគារក្នុងកីឡដ្ឋាន និងកន្លែង VIP ដែលបម្រើមុខងារបម្រើឲ្យការរៀបចំការប្រកួតជាច្រើនទៀត ក៏ដូចជាដំណើរការជាបណ្ដើរៗ និងជិតរួចរាល់ដែរ។

សមបញ្ជាក់ថា កីឡដ្ឋានធំ នៃពហុកីឡដ្ឋានជាតិមរតកតេជោនេះ បានបើកការដ្ឋានសាងសង់ តាំងពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៧ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនចិន ក្នុងរង្វង់ទឹកប្រាក់ប្រមាណ ១៦០លានដុល្លារ។ សមិទ្ធផលដ៏ធំសម្បើមនេះ អាចផ្ទុកអ្នកទស្សនាបានប្រមាណ ៦ម៉ឺននាក់នេះ ដែលសាងសង់ឡើង ដើម្បីត្រៀមស្វាគមន៍ព្រឹត្តិការណ៍ពិធីបើក-បិទព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រ នៃការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា៕