(ម៉ូស្គូ)៖ តុលាការនៃប្រទេសរុស្ស៊ីនៅថ្ងៃសុក្រម្សិលមិញនេះ បានសម្រេចផាកពិន័យលើក្រុមហ៊ុន Twitter បន្ទាប់ពីបណ្ដាញសង្គមអាមេរិកមួយនេះ បរាជ័យ ឬមិនព្រមលុបចោលមាតិកាដែលរដ្ឋាភិបាលរុស្ស៊ីស្នើសុំ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី ០៣ខែមេសា ឆ្នាំ២០២១ ។
រដ្ឋាភិបាលក្រុងម៉ូស្គូបាននិយាយថា កាលពីខែមុន រុស្ស៊ីបានទុកពេលឲ្យ Twitter ធ្វើការងារទៅតាមជំនាញ និងដោយគ្មានការបង្ខំទៅលើការស្នើសុំរបស់រដ្ឋាភិបាល ក្នុងការលុបចោលនូវមាតិកា ដែលខុសពីច្បាប់ប្រទេស ប៉ុន្តែ Twitter មិនបានធ្វើតាមឡើង ហើយក្រោយមក រដ្ឋាភិបាលក៏បានបញ្ជាក់ម្ដងទៀតថា បើសិនបណ្ដាញសង្គមអាមេរិកមួយនេះមិនធ្វើតាមការស្នើសុំទេ នោះរុស្ស៊ីនឹងធ្វើតាមច្បាប់ប្រទេស។
យោងតាមសេចក្តីសម្រេចរបស់តុលាការរុស្ស៊ីបានឲ្យដឹងថា ក្រុមហ៊ុន Twitter នឹងត្រូវបង់ផាកពិន័យជាទឹកប្រាក់ប្រមាណជាង ៤ម៉ឺនដុល្លារអាមេរិក។
ពាក់ព័ន្ធនឹងករណីនេះ បណ្ដាលសង្គម Twitter មិនបានឆ្លើយតប ឬប្រតិកម្មឡើង ខណៈដែលរុស្ស៊ីបញ្ជាក់ថា មាតិកាដែលស្នើសុំឲ្យលុបនោះគឺវាពាក់ព័ន្ធនឹងរូបភាពអាសអាភាសរបស់កុមារ ដែលនាំឲ្យមានការប្រើប្រាស់គ្រឿងញៀន៕