(បរទេស)៖ តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិន ByteDance ត្រូវបានគេស្គាល់ថាជាក្រុមហ៊ុនមេរបស់កម្មវិធីបណ្តាញសង្គម TikTok ត្រូវបានគេជឿជាក់ថាមានទំហំរហូតទៅដល់ ៤០០ពាន់លានដុល្លារ បន្ទាប់ពីក្រុមអ្នកវិនិយោគជាច្រើនចាប់អារម្មណ៍ទិញភាគហ៊ុន។

យោងតាមការចេញផ្សាយមួយដោយកាសែត South China Morning Post នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ការកើនឡើងដ៏ខ្លាំងនេះ ដោយសារមានការជួយជំរុញខ្លាំងពីកម្មវិធីតន្ត្រីដ៏ពេញនិយម TikTok នៅក្នុងទីផ្សារបច្ចុប្បន្ន ប្រជាប្រិយភាពរបស់ Tiktok បានទាក់ទាញអារម្មណ៍របស់អ្នកវិនិយោគទុន ដោយបណ្ដាក់ទុនជាមួយនឹងក្រុមហ៊ុនចិនមួយនេះ។

មួយវិញទៀត កម្មវិធី Douyin ដែលដូចគ្នាទៅនឹង Tiktok ប៉ុន្តែប្រើប្រាស់តែនៅក្នុងប្រទេសចិននោះ ក៏បានចូលរួមចំណែកក្នុងការធ្វើឲ្យតម្លៃក្រុមហ៊ុន BytDance កើនឡើងនេះផងដែរ។

កាលពីខែមីនា ឆ្នាំ២០២០ ក្រុមហ៊ុន CB Insights បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន BytDance មានតម្លៃជាង ១៤០ពាន់លានដុល្លារអាមេរិក ប៉ុន្តែនៅពេលនេះគឺមានរហូតដល់ ៤០០ពាន់លានដុល្លារ មានន័យថា បានកើនឡើងជាង ៣ដង៕