(ក្រុងឡុងដ៍)៖ ការធ្វើបានសម្រេចម្នាក់ ១គ្រាប់ពីសំណាក់កីឡាករ Benjamin Mendy និងមិត្តរួមក្រុម Gabriel Jesus ក្នុងវគ្គទី២ ដើម្បីយកឈ្នះ Liecester City ២-០ នោះ ធ្វើឲ្យ Manchester City ត្រូវការតែ ១១ពិន្ទុពី ៧ប្រកួតដែលនៅសល់ ក្នុងការគ្រងជើងឯកពាន Premier League រដូវកាលនេះ។

ការប្រកួតដែលត្រូវបានធ្វើឡើងនៅរាត្រីថ្ងៃសៅរ៍ ទី០៣ ខែមេសា ឆ្នាំ២០២១ ក្នុងទឹកដីនៃកីឡដ្ឋាន King Power នោះ ក្រុមទាំងពីរបានបញ្ចប់ក្នុងលទ្ធផល ០-០ សម្រាប់រយៈពេល ៤៥នាទីដំបូង ដ្បិតកញ្ជ្រោងខៀវដែលឈរនៅចំណាត់ថ្នាក់លេខ៣ នោះ ត្រូវការពិន្ទុជាចាំបាច់ ដើម្បីរក្សាតំណែង Top-4 គ្រាដែលតោខៀវ Chelsea ដែលឈរលេខ៤ បានចាញ់ West Bromwich Albion នៅ Stamford Bridge ក្នុងលទ្ធផល ៥-២។

នេះក៏ជាជ័យជម្នះក្រៅដីលើកទី៩ជាប់ៗនៅ Premier League សម្រាប់រដូចកាល ២០២០-២០២១ របស់ក្រុមលោក Pep Guardiola ផងដែរ និងស្ថិតលើផ្លូវឈ្នះជើងឯកលីគកំពូលអង់គ្លេស ៣ដង ក្នុងចំណោម ៤រដូវកាលចុងក្រោយនេះផងដែរ នៅពេល Liverpool ឈ្នះជើងឯកនារដូវមុនឆ្នាំ២០២០។

នេះមានន័យថា Man City បានបន្តនាំមុខក្រុមលេខ២ Manchester United ដែលស្ថិតក្នុងទីក្រុង Manchester ជាមួយគ្នាដល់ទៅ ១៧ពិន្ទុ នៅពេលដែលបិសាចក្រហមនៅសល់ ២ប្រកួតក្នុងដៃដែលពួកគេ (Man City) មានដល់ ៤កម្មវិធីដែលត្រូវប្រជែងរួមមាន Premier League, League Cup, FA Cup និងពានអឺរ៉ុប UEFA Champions League៕