(ភ្នំពេញ)៖ មន្ដ្រី និងកីឡាករ នៃក្លិបសមាជិកលីគកំពូលកម្ពុជាទាំងអស់ នឹងទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នាថ្ងៃទី០៩-១០ ខែមេសា ឆ្នាំ២០២១ នាចុងសប្ដាហ៍ក្រោយនេះ បន្ទាប់ពីទទួលបានការឯកភាពពីក្រសួងសុខាភិបាលតាមការស្នើសុំរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា-CNCC កាលពីថ្មីៗ។ នេះបើតាមការជូនដំណឹងរបស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា។

CNCC បានបញ្ជាក់ថា ខ្លួនបានទទួលវ៉ាក់សាំងពីក្រសួងសុខាភិបាលតាមការស្នើសុំសម្រាប់ចាក់ជូនមន្ដ្រី និងកីឡាករនៃក្លិបបាល់ទាត់អាជីព ខណៈកាលបរិច្ឆេទចាក់លើកទី១ នឹងធ្វើឡើងនៅថ្ងៃទី០៩-១០ ខែមេសា។ ប៉ុន្ដែដោយការចាក់នេះជាន់គ្នាជាមួយកម្មវិធីប្រកួតលីគ សប្ដាហ៍ទី៦ នាថ្ងៃទី១០-១១ ខែមេសា CNCC ក៏សម្រេចលើកពេលការប្រកួតនេះជាបណ្ដោះអាសន្ន ដើម្បីផ្ដល់ឱកាសឲ្យមន្ដ្រី និងកីឡាករបានទទួលវ៉ាក់សាំងតាមកាលបរិច្ឆេទខាងលើ។

នេះគឺជាដំណឹងដ៏រីករាយមួយសម្រាប់ក្លិបសមាជិកលីគកំពូលកម្ពុជាទាំង ១៣ ពិសេសកីឡាករផ្ទាល់ ដើម្បីបង្កើនទំនុកចិត្តក្នុងការប្រកួតប្រជែងលើទីលាន។ ប៉ុន្ដែកន្លងមក កីឡាករក្លិបមួយចំនួន ក៏បានចាក់វ៉ាក់សាំងនេះហើយដែរ ដូចជាក្រុមកងយោធពលខេមរភូមិន្ទ និងអគ្គិសនីកម្ពុជាជាដើម គ្រាដែលកីឡាករខ្លះបានទទួលវ៉ាក់សាំង តាមរយៈគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ក្នុងនាមសមាជិកក្រុមជម្រើសជាតិកម្ពុជាផងដែរ៕