(បរទេស)៖ កម្មវិធីប្រឡងបវរកញ្ញាលំដាប់ពិភពលោក «Miss Grand Internationla» សម្រាប់ឆ្នាំ២០២០ ដែលទើបតែបញ្ចប់កាលពីពេលថ្មីៗនេះ គឺបង្កការចាប់អារម្មណ៍ដល់មនុស្សជាច្រើន ខណៈនៅលទ្ធផលវគ្គផ្តាច់ព្រ័ត្រម្ចាស់មកុដ គឺបានទៅលើបវរកញ្ញាតំណាងឲ្យសហរដ្ឋអាមេរិក គឺកញ្ញា «Abena Appiah» ដែលជានារីមានស្បែកខ្មៅ ពោរពេញដោយសមត្ថភាព និងចំណេះដឹង។ តើលោកអ្នកធ្លាប់បានដឹងអ្វីខ្លះ ពីម្ចាស់មកុដរូបនេះ ហើយតើនាងមានសមត្ថភាពធ្លាប់ឆ្លងកាត់កម្មវិធីប្រឡងអ្វីខ្លះ ទើបអាចយកឈ្នះនារីផ្សេងទៀត លើឆាក «Miss Grand Internationla» សម្រាប់ឆ្នាំ២០២០?

ថ្ងៃនេះ Fresh News Plus សូមលើកយកនូវចំណុះខ្លឹមៗទាំង១០ ដែលអ្នកគួរដឹងពីកញ្ញាឯក «Abena Appiah» មកជម្រាបជូន ប្រិយមិត្តអ្នកអាន ឲ្យបានជ្រាបដូចខាងក្រោម៖

ទី១៖ Abena Appiah មានឈ្មោះពេញថា Evelyn Abena Appiah មានអាយុ២៧ឆ្នាំ ជាជនជាតិហ្គាណា-អាមេរិក រស់នៅសហរដ្ឋអាមេរិក។ នាងត្រូវបានគេចាត់ទុកថា ជាស្ត្រីដែលពោរពេញដោយការប្តេជ្ញាចិត្តខ្ពស់។

ទី២៖ បើនិយាយពីការសិក្សាវិញ Abene Appiah ត្រូវបានគេដឹងថា គឺជានិស្សិតផ្នែករចនាម៉ូតមួយរូប នៃសាកលវិទ្យាល័យ Radford ក្នុងប្រទេសហ្គាណា។ នាងទទួលការអប់រំកម្រិតវិទ្យាល័យ ក្នុងសហរដ្ឋអាមេរិក និងបានបញ្ចាប់ការសិក្សារនៅប្រទេសហ្គាណា ផ្នែកវិទ្យាសាស្ត្រ និងគមនាគម។

ទី៣៖ ក្នុងឆ្នាំ២០១២ Abene Appiah ទទួលបានជ័យលាភី ក្នុងកម្មវិធីបវរកញ្ញា «Miss Talent Ghana»

ទី៤៖ ក្នុងឆ្នាំ២០១៣ Abene Appiah ទទួលបានជ័យលាភីបន្តទៀត ក្នុងកម្មវិធីបវរកញ្ញា «Top Model Ghana»

ទី៥៖ ក្នុងឆ្នាំ២០១៤ នាងបានតំណាងឲ្យប្រទេសហ្គាណា ទៅប្រឡងបវរកញ្ញា ក្នុងកម្មវិធីបវរកញ្ញា «Miss Universe»

ទី៦៖ ក្រៅពីសមត្ថភាពបង្ហាញម៉ូត Abene Appiah ក៏ជាតារាចម្រៀងមួយរូប ដោយនាងអាចសរសេរចម្រៀងបានខ្លួនឯង។ ជាពិសេស អាចលេងឧបករណ៍តន្ត្រីដូចជា ហ្គីតា, ឧបករណ៍ផ្លុំ Recorder និង Clarinet ផងដែរ។ និយាយដល់ផ្នែកចម្រៀង នាងត្រូវបានគេដឹងថា បានបញ្ចេញចម្រៀងផ្ទាល់ខ្លួនចំនួន៥បទ ខណៈអាល់ប៊ុមដំបូងរបស់នាង ត្រូវបានបញ្ចេញក្នុងឆ្នាំ២០១៥។

ទី៧៖ រហូតដល់ឆ្នាំ២០១៦ Abene Appiah បានបន្តអាជីពដែលនាងស្រឡាញ់ទៀត គឺការប្រឡងបវរកញ្ញា ដោយឈ្នះក្នុងកម្មវិធី «Queen Beauty Universe pageant»។ ក្នុងឆ្នាំដដែលនេះ អំឡុងពេលចូលរួមប្រកួត Abene Appiah បានបង្ហាញពីអ្វីដែលនាងទទួលរង ជាពិសេសគឺការមើលងាយពីមនុស្សជុំវិញខ្លួន ដោយនាងត្រូវគេធ្វើបាប ចំអកមើលងាយពីសម្បុររូបរាង និងមុខមាត់ជាដើម។ នាងនិយាយថា ការមើលងាយពីមនុស្សជុំវិញខ្លួន ធ្វើឲ្យនាងដឹងពីសមត្ថភាពរបស់ខ្លួនឯង។

ទី៨៖ Abene Appiah បានធ្វើជាអ្នកបង្ហាញម៉ូតតាំងពីអាយុ៣ឆ្នាំមកម្ល៉េះ និងបានចាប់យកវិស័យចម្រៀងបន្ថែមទៀត នៅពេលដែលនាងមានអាយុ៩ឆ្នាំ។

ទី៩៖ ក្រៅពីធ្វើជាតារាបង្ហាញម៉ូតដ៏មានសមត្ថភាព និងទេពកោសល្យ ថែមជាមួយអាជីពចម្រៀងផងនោះ នាងក៏ជាតារាសម្តែង និងអ្នកសរសេរចម្រៀងផងដែរ។ មហិច្ឆតារបស់ Abene Appiah គឺបង្កើតអង្គការមួយដែលជួយមនុស្សឲ្យមានការជឿជាក់លើខ្លួនឯង បន្ទាប់ពីទទួលរងការសម្លុតគំរាមកំហែងនានា។

ទី១០៖ រហូតដល់ដើមឆ្នាំ២០២១នេះ នាងបានបង្កើតប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀត សម្រាប់ខ្លួនឯង ដោយបានឈ្នះមកុដក្នុងកម្មវិធី «Miss Grand Internationla» សម្រាប់ឆ្នាំ២០២០ ដែលតំណាងឲ្យសហរដ្ឋអាមេរិក។ ក្រៅពីមានសមត្ថភាពបង្ហាញម៉ូតយ៉ាងស្ទាត់ជំនាញ ត្បិតមានបទពិសោធន៍ជាច្រើនឆ្នាំ Abene Appiah ត្រូវបានមហាជនដឹងថា មានការអប់រំល្អ និងមានចំណេះដឹងទូលំទូលាយ ជាពិសេសយល់ដឹងបានច្រើនពីសង្គមបច្ចុប្បន្ន មិនថាបញ្ហាក្នុងស្រុករបស់នាងឡើយ ពោលគឺបញ្ហាលើពិភពលោកតែម្តង៕