(ភ្នំពេញ)៖ ជាទូទៅមនុស្សម្នាក់ៗ មាននូវភាពប៉ិនប្រសប់ សមត្ថភាព ទេពកោសល្យ រៀងៗខ្លួន ហើយមានចំណង់ចំណូលចិត្ដក្នុងការច្នៃប្រឌិត ការបង្កើត ផលិតនូវអ្វីៗដែលថ្មី ឬស្រាយជ្រាវស្វែងរកនូវរបកគំហើញថ្មីៗ ដែលមានលក្ខណៈពិសេសជាងគេ ដើម្បីជាសា្នដៃប្រវត្ដិសាស្រ្ដ និងបំពេញនូវសេចក្ដីត្រូវការប្រចាំថ្ងៃរបស់ពួកគេ ក៏ដូចជាដើម្បីជាប្រយោជន៍ដល់មនុស្សជាតិទាំងមូល ដែលការរកឃើញ ឬបង្កើតថ្មីរបស់ពួកគេនោះហៅថា «តក្កកម្ម»។ ទទឹមនឹងនេះ មនុស្សម្នាក់ៗមាននូវការបារម្ភអំពីការរំលោភបំពានទៅលើកម្មសិទ្ធិបញ្ញាលើតក្កកម្មរបស់ខ្លួន ដែលចាំបាច់តម្រូវឱ្យមានការការពារ និងទទួលស្គាល់នូវកម្មសិទ្ធិបញ្ញានោះ។
តើអ្វីទៅជាតក្កកម្ម? តើធ្វើដូចម្ដេចដើម្បីអាចការពារតក្កកម្មបាន? ហើយម្ចាស់សិទ្ធិតក្កកម្មអាចអនុវត្ដសិទ្ធិរបស់ខ្លួនបានយ៉ាងដូចម្ដេច?
ដូច្នេះ ដើម្បីកាន់តែច្បាស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សហការជាមួយ ក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សូមលើកយកប្រធានបទស្ដីពី «តក្កកម្ម» មកធ្វើការបកស្រាយ និងចែករំលែកជូនបងប្អូនប្រជាពលរដ្ឋ សិស្ស និស្សិតទាំងអស់ ដូចតទៅ៖
យោងតាមច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម បានឱ្យនិយមន័យថា តក្កកម្មជាការរកឃើញផលិតផល ឬដំណើរការផលិតកម្ម ឬអាចជាការរកឃើញអ្វីមួយ ដែលទាក់ទងទៅនឹងផលិតផល ឬដំណើរការផលិតកម្ម ហើយតក្កកម្មនោះត្រូវចាត់ទុកថាអាចអនុវត្តបាននៅក្នុងវិស័យឧស្សាហកម្ម ប្រសិនបើអាចត្រូវផលិត ឬយកទៅប្រើប្រាស់បាននៅក្នុងប្រភេទណាមួយនៃវិស័យឧស្សាហកម្មបាន។ ចំពោះតក្កករដែលមានបំណងការពារតក្កកម្មរបស់ខ្លួន តក្កករនោះចាំបាច់ត្រូវតែធ្វើការស្នើសុំប្រកាសនីយបត្រតក្កកម្ម (វិញ្ញាបនបត្រដែលបានផ្ដល់ឡើង ដើម្បីការពារតក្កកម្ម) ទៅស្ថាប័នពាក់ព័ន្ធនានា ទើបតក្កករនោះ មានសិទ្ធិពេញលេញលើតក្កកម្មរបស់ខ្លួន។ ប៉ុន្ដែ ប្រសិនបើបុគ្គលពីរនាក់ ឬច្រើននាក់ បានបង្កើតតក្កកម្មរួមគ្នា នោះសិទ្ធិជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវតែជាសិទ្ធិរួមគ្នានៃបុគ្គលទាំងនោះ តែបើបុគ្គលពីរនាក់ ឬច្រើននាក់ បានរកឃើញដោយឡែកពីគ្នានូវតក្កកម្មដូចគ្នា នោះសិទ្ធិអត្ថិភាពក្លាយជាម្ចាស់នៃប្រកាសនីយបត្រតក្កកម្ម គឺត្រូវបានទៅលើបុគ្គលណាដែលបានធ្វើការដាក់ពាក្យស្នើសុំប្រកាសនីយបត្រតក្កកម្មមុនគេ ហើយស្របតាមនីតិវិធី។
តក្កកម្មដែលអាចទទួលបានប្រកាសនីយបត្រតក្កកម្ម លុះត្រាតែ៖
១៖ ជាតក្កកម្មថ្មី៖ មានន័យថា តក្កកម្មនោះមិនទាន់មានអ្នករកឃើញពីមុន។
២៖ មានជំហានរកឃើញថ្មី៖ ជាជំហានរកឃើញថ្មីលើតក្កកម្មដែលបានរកឃើញរួចហើយ និងមិនអាចឱ្យបុគ្គលណាដែលមានកម្រិតធម្មតាក្នុងជំនាញអាចយល់ដឹងបាន។
៣៖ អាចយកទៅអនុវត្តបានក្នុងវិស័យឧស្សាហកម្ម៖ មានន័យថា តក្កកម្មនោះអាចយកទៅផលិត ឬប្រើប្រាស់ក្នុងប្រភេទណាមួយនៃឧស្សាហកម្មបាន។
ប៉ុន្ដែ ចំពោះករណីមួយចំនួន តក្កកម្មមិនត្រូវបានការពារដោយប្រកាសនីយបត្រតក្កកម្មនោះទេ មានដូចជា៖
១៖ ការរកឃើញ ទ្រឹស្ដីវិទ្យាសាស្រ្ត និងវិធីសាស្ត្រគណិតវិទ្យា។
២៖ គម្រោងការ ក្បួន ឬ វិធីសាស្រ្តសម្រាប់ធ្វើជំនួញ សម្រាប់ធ្វើសកម្មភាពហ្វឹកហ្វឺនខាងប្រាជ្ញាសុទ្ធសាធ ឬសម្រាប់លេងល្បែងកំសាន្ដ។
៣៖ វិធីសាស្ត្រសម្រាប់ព្យាបាលរាងកាយមនុស្ស ឬសត្វ ដោយការវះកាត់ ឬដោយការព្យាបាល ក៏ដូចជាវិធីសាស្ត្រវិនិច្ឆ័យរោគដែលបានអនុវត្តលើរាងកាយមនុស្ស ឬសត្វ។ បទបញ្ញត្តិនេះមិនយកមកអនុវត្តចំពោះផលិតផលទាំងឡាយណាដែលយកមកប្រើប្រាស់ក្នុងវិធីសាស្រ្តខាងលើនេះទេ។
៤៖ ផលិតផលឱសថដូចមានចែងក្នុងមាត្រ ១៣៥ នៃច្បាប់ស្ដីពី ប្រកាសនីយបត្រតក្កកម្ម វិញ្ញាបនបត្រម៉ូដែលមានអត្ថប្រយោជន៍ និងគំនូរឧស្សាហកម្ម។
៥៖ រុក្ខជាតិ ឬសត្វ ដែលមិនមែនជាមីក្រូសរីរាង្គ និងដំណើរការកកើត តាមលក្ខណៈជីវសាស្រ្ដសំខាន់ៗសម្រាប់ផលិតកម្មរុក្ខជាតិ ឬសត្វ។
៦៖ ប្រភេទផ្សេងៗ នៃពូជរុក្ខជាតិណាមួយ។
សំណុំលិខិតស្នើសុំប្រកាសនីយបត្រតក្កកម្ម ត្រូវដាក់ជូនក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ រួមមាន៖
១៖ ពាក្យសុំ៖ ត្រូវបញ្ជាក់ឱ្យបានច្បាស់នូវអត្តសញ្ញាណរបស់អ្នកដាក់ពាក្យសុំ ប៉ុន្ដែប្រសិនបើអ្នកដាក់ពាក្យសុំមិនមែនជាតក្កករទេ នោះត្រូវភ្ជាប់ជាមួយសំណុំឯកសារបញ្ជាក់អំពីសិទ្ធិរបស់អ្នកដាក់ពាក្យសុំចំពោះប្រកាសនីយបត្រតក្កកម្ម រួមទាំងត្រូវភ្ជាប់មកជាមួយចំណងជើងនៃតក្កកម្មខ្លីមួយ ហើយច្បាស់លាស់។
២៖ សេចក្ដីអធិប្បាយអំពីតក្កកម្ម៖ ត្រូវលើកបង្ហាញអំពីតក្កកម្មក្នុងលក្ខណៈច្បាស់លាស់ និងពេញលេញ ដើម្បីឱ្យបុគ្គលដែលមានកម្រិតជំនាញធម្មតាក្នុងជំនាញអាចអនុវត្តបាននូវតក្កកម្មនោះ។
៣៖ សេចក្ដីអះអាង៖ ត្រូវតែច្បាស់លាស់ និងសង្ខេប ហើយត្រូវផ្អែកទាំងស្រុងលើសេចក្ដីអធិប្បាយ។
៤៖ គំនូសបង្ហាញចាំបាច់៖ គឺជាការគូសនូវរូបភាព ដើម្បីយកមកបកស្រាយពន្យល់អំពីតក្កកម្មនោះ។
៥៖ ខ្លឹមសារសង្ខេបពីតក្កកម្ម៖ ត្រូវបកស្រាយត្រឹមតែគោលបំណងនៃព័ត៌មានបច្ចេកទេសប៉ុណ្ណោះ ហើយមិនត្រូវបកស្រាយពីវិសាលភាពនៃការការពារឡើយ។
ចំពោះករណីមួយចំនួន តក្កកម្ម ត្រូវបានធ្វើអាជីវកម្មដោយរដ្ឋាភិបាល ឬបុគ្គលដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល ប្រសិនយល់ឃើញថា មានតម្រូវការចាំបាច់ ដើម្បីបម្រើផលប្រយោជន៍សាធារណៈ ជាពិសេសផ្នែកសន្ដិសុខជាតិ អាហារូបត្ថម្ភ សុខាភិបាល ឬដើម្បីអភិវឌ្ឍវិស័យសេដ្ឋកិច្ចជាតិសំខាន់ៗផ្សេងទៀត។ ជាក់ស្ដែង វាក់សាំងកូវីដ១៩ ដោយបុគ្គលណាដែលអាចរកឃើញ បុគ្គលនោះមិនអាចមានសិទ្ធិក្លាយជាតក្កករលើតក្កកម្មនោះបានទេ ពីព្រោះវាក់សាំងនេះ មានភាពចាំបាច់ដល់ផលប្រយោជន៍សាធារណៈ ដូចនេះ រដ្ឋាភិបាល ឬបុគ្គលដែលទទួលបានការអនុញ្ញាតពីរដ្ឋាភិបាល មានសិទ្ធិធ្វើអាជីវកម្មលើតក្កកម្មនេះ។
ដោយឡែក ប្រសិនបើរដ្ឋមន្ត្រីពិនិត្យឃើញថា តក្កកម្មដែលបានផ្ដល់ប្រកាសនីយបត្រតក្កកម្មរួចហើយនោះ មិនត្រូវបានធ្វើអាជីវកម្ម ឬមិនធ្វើអាជីវកម្មពេញលេញទេ ក្រោយរយៈពេល ៤ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ឬ ៣ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទផ្ដល់ប្រកាសនីយបត្រតក្កកម្ម រដ្ឋមន្ត្រីអាចចេញអាជ្ញាប័ណ្ណបញ្ជា ដើម្បីដកយកប្រកាសនីយបត្រតក្កកម្មវិញពីតក្កករ ដោយយកកាលបរិច្ឆេទណាមួយដែលបានផុតកំណត់ក្រោយគេ។ ប៉ុន្ដែ អាជ្ញាប័ណ្ណបញ្ជានេះនឹងមិនចេញនោះទេ ប្រសិនបើម្ចាស់ប្រកាសនីយបត្រតក្កកម្មបានបំភ្លឺជូនរដ្ឋមន្រ្តីនូវកាលៈទេសៈសមស្របជាក់ស្ដែង ដែលបង្ហាញភស្ដុតាងត្រឹមត្រូវពីការមិនធ្វើអាជីវកម្ម ឬការធ្វើអាជីវកម្មមិនពេញលេញ។
ប្រកាសនីយបត្រតក្កកម្ម មានសុពលភាពរយៈពេល ២០ឆ្នាំ ដោយគិតចាប់ពីកាលបរិច្ឆេទសុំចុះបញ្ជី ប៉ុន្ដែប្រសិនបើមិនបានបង់កម្រៃប្រចាំឆ្នាំទេ នោះសំណុំលិខិតប្រកាសនីយបត្រតក្កកម្មនឹងត្រូវចាត់ទុកថាបានដកយកទៅវិញ ឬអស់សុពលភាព។ យ៉ាងណាមិញ ការបង់កម្រៃប្រចាំឆ្នាំនេះ ប្រសិនបើមានការយឺតយ៉ាវ នោះអាចត្រូវបានអនុគ្រោះឲ្យយ៉ាងយូរ ៦ខែ តែត្រូវបង់កម្រៃបន្ថែមលើការយឺតយ៉ាវនេះ។
មួយវិញទៀត ប្រកាសនីយបត្រតក្កកម្មនេះ ក៏អាចធ្វើការមោឃភាពបានដែរ ដោយបុគ្គលដែលមានការពាក់ព័ន្ធ អាចធ្វើការស្នើសុំទៅតុលាការមានសមត្ថកិច្ច ដើម្បីស្នើសុំឱ្យទុកជាមោឃៈនូវប្រកាសនីយបត្រតក្កកម្ម ហើយបុគ្គលនោះត្រូវបង្ហាញពីភស្ដុតាងបញ្ជាក់ថា លក្ខខណ្ឌតម្រូវណាមួយមិនបានបំពេញគ្រប់គ្រាន់ ឬម្ចាស់ប្រកាសនីយបត្រតក្កកម្មមិនមែនជាតក្កករ ឬមិនមែនជាអ្នកស្នងរបស់តក្កករ។ ហេតុនេះ ប្រកាសនីយបត្រតក្កកម្មដែលត្រូវចាត់ទុកជាមោឃៈ ឬសេចក្ដីអះអាង ឬផ្នែកនៃសេចក្ដីអះអាងដែលចាត់ទុកថាមិនបានការ ត្រូវអស់សុពលភាព ចាប់ពីថ្ងៃដែលផ្ដល់ប្រកាសនីយបត្រតក្កកម្មមក។
សរុបជារួមមក តក្កកម្ម គឺជាប្រភេទមួយនៃកម្មសិទ្ធិបញ្ញារបស់មនុស្សដែលមានលក្ខណៈពិសេសជាងប្រភេទនៃកម្មសិទ្ធិបញ្ញាផ្សេងទៀត ហើយប្រភេទនៃតក្កកម្មខ្លះត្រូវបានរិតត្បិតសិទ្ធិដោយរដ្ឋ ដោយហេតុថា វាអាចប៉ះពាល់ដល់ផលប្រយោជន៍ទូទៅរបស់មនុស្សជាតិ ជាអាទិ៍៕
រៀបរៀងដោយ៖ លោក ប៊ុន វិទូ ប្រធានផ្នែកសេវាកម្មច្បាប់ និងកញ្ញា ថន រ៉ាវ៉ាឌី ជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថបទច្បាប់ នៃក្រុមមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារលេខ ៤៥៣៥ ផ្លូវលេខ ១០០៣ ស្ថិតក្នុងភូមិឧញ៉ាវាំង (អតីតភូមិបាយ៉ាប) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥ អ៉ីម៉ែល៖ president@ciclg៖com គេហទំព័រ៖ www៖ciclg៖com ហ្វេសបុកផេក៖ ក្រុមមេធាវីកម្ពុជា សហប្រតិបត្តិការអន្តរជាតិ / Cambodia International Cooperation Law Group