(ភ្នំពេញ)៖ លោក សារ៉េត ស៊ីដន អ្នកចាត់ទូទៅក្លិបនគរបាលជាតិបានឲ្យដឹងនៅល្ងាចថ្ងៃទី០៤ ខែមេសានេះថា ស្ថានភាពជំងឺកីឡាករ Booysen Shane បច្ចុប្បន្ន បានល្អប្រសើរច្រើនហើយ ហើយក៏មិនមានអាការៈធ្ងន់ធ្ងរដូចការផ្សព្វផ្សាយលើបណ្ដាញសង្គមមួយចំនួនដែរ។ ការអះអាងនេះ ក្រោយមានការផ្សព្វផ្សាយពីអាការៈធ្ងន់ធ្ងរផ្ទុយពីស្ថានភាពជាក់ស្ដែង ដែលថា Booysen បានដាច់សរសៃឈាមខួរក្បាលជាដើម។

លោកថា «ជុំវិញស្ថានភាពរបស់គាត់(Booysen) ដោយសារមាន Page មួយចំនួនបានបង្ហោះអាការៈរបស់គាត់របៀបធ្ងន់ធ្ងរដែលអាចថា ដាច់សរសៃឈាមខួរក្បាល ឬអីផ្សេងៗជាការព្រួយបារម្ភរបស់ Page មួយចំនួន ដែលគាត់អត់ទាន់បានដឹងព័ត៌មាន ឬមួយស្ថានភាពជាក់ស្ដែងផ្លូវការ ដូច្នេះពេលនេះ គឺស្ថានភាពរបស់គាត់ មិនធ្ងន់ធ្ងរដល់កម្រិតហ្នឹងទេ ហើយឥឡូវគាត់បានទទួលការព្យាបាលពីក្រុមវេជ្ជបណ្ឌិតរបស់ពេទ្យកាល់ម៉ែត្រ និងមានស្ថានភាពល្អប្រសើរច្រើនហើយ»

អ្នកចាត់ការទូទៅដដែលបន្ដថា តាមការបញ្ជាក់របស់វេជ្ជបណ្ឌិត Booysen មិនមានជំងឺលក្ខណៈលើសឈាម ១០០% នោះទេ គ្រាន់តែគៀបសរសៃឈាមមួយ តែក្រោយពេលក្រុមគ្រូពេទ្យសម្រួលចលនាឈាម បានធ្វើឲ្យសរសៃឈាមដែលមានបញ្ហានោះ ក៏រត់ធម្មតាវិញ។ យ៉ាងណាមិញ ក្រុមគ្រូពេទ្យនឹងបន្ដតាមដានស្ថានភាពជំងឺរបស់ខ្សែប្រយុទ្ធវ័យ ៣២ឆ្នាំរូបនេះ យ៉ាងហោច ១ ទៅ ២សប្ដាហ៍ទៀត ខណៈថ្នាក់ដឹកនាំក្លិបបានជំរុញ និងយកចិត្តទុកដាក់ក្នុងការព្យាបាល Booysen រហូតជាសះស្បើយ។

លោកបន្ដថា «តាមការបញ្ជាក់របស់វេជ្ជបណ្ឌិតបានអះអាងថា ជំងឺរបស់ Booysen តម្រូវឲ្យមានការតាមដានបន្ដអាច ១សប្ដាហ៍ ឬ ២សប្ដាហ៍ទៀត គ្រាន់តែស្ថានភាពពេលនេះ គឺនឹងនរ តែត្រង់ថា គាត់អាចត្រឡប់មកហ្វឹកហាត់បានពេលណា មិនទាន់ច្បាស់ទេ តែក្លិបទុកពេលឲ្យគាត់ ១ខែ ដើម្បីឲ្យគាត់សម្រាកព្យាបាលឲ្យអស់ពីលទ្ធភាព និងវិលមកដូចដើមវិញ ជារួមក្លិបមិនបង្ខំ ឬដាក់សម្ពាធលើគាត់ទេ គឺទុកឲ្យគាត់សម្រាកបានត្រឹមត្រូវ ហើយពេលណាគាត់មានលទ្ធភាពចូលហាត់បាន ទើបឲ្យគាត់ចូលហាត់វិញ»

ជុំវិញបញ្ហាជំងឺ Booysen នេះ បានទទួលការយកចិត្តទុកដាក់ខ្ពស់ពីប្រធានក្លិបលោក ជួន ណារិន្ទ ខណៈក្រោយទទួលដំណឹងភ្លាម លោកបានឧបត្ថម្ភថវិកាផ្ទាល់ខ្លួនជំហានដំបូង ១,០០០ដុល្លារ ឯក្រុមការងារ គ្រូ និងកីឡាករទាំងអស់ បានរួមជាមូលនិធិចូលគ្នាបានចំនួន ១,៣៦៥ដុល្លារទៀត សម្រាប់ជួយសម្រាលដល់ការព្យាបាល។ លើសពីនេះ ប្រធានក្លិបបានចាត់ថ្នាក់ដឹកនាំក្លិប ២រូប គឺលោក ជឹង ឃាងលី អនុប្រធានក្លិប និងលោក ស្រី ចាន់ថា អគ្គលេខាធិការក្លិប ដើម្បីតាមដាន និងយកចិត្តទុកដាក់លើការព្យាបាលនេះទៀតផង។

គួរបញ្ជាក់ថា អតីតសមាជិកក្លិបភ្នំពេញក្រោន ណាហ្គាវើលដ៏ និងព្រះខ័នរាជស្វាយរៀងរូបនេះ ត្រូវបានបញ្ជូនទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រ នៅយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២ ខែមេសា ឆ្នាំ២០២១ តែមកទល់ពេលនេះ ស្ថានភាពជំងឺបានល្អប្រសើរច្រើនហើយ ខណៈដៃជើងអាចធ្វើចលនា និងលំហាត់ប្រាណបានធម្មតា។ ទន្ទឹមជាមួយគ្នា ប្រធានក្លិបនគរបាលជាតិ ក៏បានថ្លែងអំណរគុណ ចំពោះបណ្ដាក្លិបនានា និងអ្នកគាំទ្រដែលបានផ្ញើសារជូនពរ Booysen ឆាប់ជាសះស្បើយពីជំងឺនេះផងដែរ៕