(អាមេរិក)៖ ក្រុមអ្នកទម្លាយឯកសារសម្ងាត់មួយបាននិយាយថា ពួកគេនឹងចែករំលែក ឬផ្ដល់ជូននូវទិន្នន័យរបស់អ្នកប្រើប្រាស់បណ្តាញសង្គម Facebook ប្រមាណជា ៥០០លាននាក់ ដោយឥតគិតថ្លៃ។

យោងតាមសារព័ត៌មាន Reuters ដែលបានចេញផ្សាយនៅថ្ងៃ០៤ ខែមេសា ឆ្នាំ២០២១ បានឲ្យដឹងថា ទិន្នន័យសម្ងាត់របស់អ្នកប្រើប្រាស់ទាំង ៥០០លាននាក់នោះ រួមមានលេខទូរស័ព្ទ និងព័ត៌មានមួយចំនួនទៀត។

លោក Alon Gal សហស្ថាបនិកក្រុមហ៊ុនស៊ើបអង្កេតបទល្មើសអនឡាញរបស់អ៊ីស្រាអ៊ែល Hudson Rock បានឲ្យដឹងថា ទិន្នន័យជាង ៥០០លាននាក់នោះ បើតាមការពិនិត្យគឺវាជាទិន្នន័យមួយដែលត្រូវក្រុម Hacker ទម្លាយកាលពីខែមករាកន្លងទៅនេះ ហើយវាក៏ជាទិន្នន័យដែលក្រុម Hacker បានទម្លាយចេញជាច្រើនដងផងដែរ។

សារព័ត៌មាន Reuters មិនអាចកំណត់បានថា ទិន្នន័យនោះមានអ្វីខ្លះ ក្រៅតែអំពីលេខទូរស័ព្ទនោះទេ ហើយក៏មិនច្បាស់ដែលថា ក្រុមដែលទម្លាយទិន្នន័យទាំងនេះមានគោលដៅអ្វីច្បាស់លាស់ផងដែរ។

ពាក់ព័ន្ធនឹងព័ត៌មាននេះផងដែរត្រូវបានក្រុមហ៊ុន Facebook បញ្ជាក់ថា វាជាទិន្នន័យចាស់ ហើយនៅពេលនេះ ក្រុមហ៊ុនក៏បានជួសជុលទៅលើចន្លោះប្រហោងទាំងនោះជាយូរមកហើយដែរ ខណៈដែលអ្នកស្នើសុំឲ្យ Facebook បន្ថែមនូវមុខងារជូនដំណឹងដល់អ្នកប្រើប្រាស់អំពីការហេតុការមួយចំនួនដែលបានកើតឡើងទាក់ទងនឹងព័ត៌មាន ឬទិន្នន័យផ្ទាល់ខ្លួនរបស់ពួកគេ៕